ព័ត៌មានបច្ចេកវិទ្យា

Foxconn និង RED កំពុងសហការណ៍គ្នាផលិតកាមេរ៉ាកម្រិត 8K កាន់តែតូច កាន់តែថោក

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Foxconn និងផលិតកាមេរ៉ាភាពយន្ត RED កំពុងចាប់ដៃគ្នាធ្វើការបង្កើតកាមេរ៉ាដែលមានសមត្ថភាពអាចផ្តិតយករូបភាពវីដេអូកម្រិត 8K តម្លៃសមរម្យ អាចទទួលយកបាន និងមានតូច។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន និងត្រូវបានគេហទំព័រ Tech Crunch ចុះផ្សាយថ្ងៃម្សិលមិញ។

លោក Terry Gou ប្រធានក្រុមហ៊ុន Foxconn បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅទីក្រុងតៃប៉ិកថា កិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន RED គឺមានគោលដៅកាត់បន្ថយតម្លៃ និងទំហំនៃប្រព័ន្ធកាមេរ៉ាភាពយន្តឱ្យបានដល់ ២ ភាគ ៣។

លោក Gou បានបន្ថែមថា Sensor កាមេរ៉ាដែលប្រើសម្រាប់ផ្តិតយករូបភាពក្នុងកម្រិតដ៏ខ្ពស់បែបនោះ អាចនឹងត្រូវបានច្របាច់បញ្ចូលជាមួយប្រព័ន្ធកាមេរ៉ា 8K ប៉ុន្តែ វានឹងមានការបន្ថែមមុខងារ និងសមាភាពផ្សំជាច្រើនបន្ថែមទៀត។ ក្នុងចំណោមនោះ គេនឹងត្រូវការជាចាំបាច់នូវកញ្ចក់ពិសេសមួយចំនួនដាក់នៅពីមុខ Sensor នោះ ខណៈកញ្ចក់សម្រាប់បំពាក់លើកាមេរ៉ាធម្មតា គឺមិនអាចផ្តល់នូវប្រភេទរូបភាពច្បាស់លម្អិតក្នុងកម្រិតនោះបានឡើយ។

ជាងនេះទៀត វាក៏ត្រូវការអង្គប្រតិបត្តិក្រាហ្វិកដែលមានល្បឿនលឿនខ្លាំង និងអង្គផ្ទុកទិន្នន័យធំផងដែរ ដោយបើទោះជាបង្រួញរួច ក៏វីដេអូកម្រិត 8K មានទំហំធំជាងវីដេអូកម្រិត 1080p ពី ១០ ទៅ ២០ ដងឯណោះ។ ម្យ៉ាងទៀត វាក៏ត្រូវការចាំបាច់នូវម៉ាស៊ីនកុំព្យូទ័រដែលមានកម្រិត VGA ខ្ពស់ដើម្បីអាចគាំទ្រជាមួយពណ៌ និងរូបភាពវីដេអូកម្រិត 8K ផងដែរ បើមិនដូច្នេះទេ អ្នកប្រើប្រាស់នឹងមិនអាចបែកចែកដឹងពីភាពខុសគ្នាជាមួយវីដេអូកម្រិត HD ធម្មតាបានឡើយ។

ទោះយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ពេលនេះគឺទើបតែជាចំណុចចាប់ផ្តើមនៃដំណើរការអភិវឌ្ឍកាមេរ៉ាកម្រិតខ្ពស់ 8K សម្រាប់អ្នកប្រើប្រាស់ទូទៅប៉ុណ្ណោះ។ ហើយមិនយូរមិនឆាប់វានឹងលេចចេញជារូបរាងពិតប្រាកដបីដូចជាវីដេអូកម្រិត 4K អីចឹងដែរ ដែលស្មាតហ្វូនកាន់តែច្រើនឡើងៗ ត្រូវបានបំពាក់សមត្ថភាពកាមេរ៉ាវីដេអូក្នុងកម្រិតដ៏ខ្ពស់បែបនេះ៕

ប្រភពព័ត៌មានៈ techcrunch

មតិយោបល់