កាលពីម្សិលមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំជំនួបពិភាក្សាការងាររវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ជាមួយគណៈប្រតិភូក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក MENG XIAO SV អគ្គនាយកក្រុមហ៊ុន HUI LI ប៉េកាំង ដើម្បីជម្រុញឲ្យមានវិនិយោគិនចិន មកវិនិយោគទុននៅកម្ពុជាលើផ្នែកសំណង់ និងកសិកម្មនៅក្នុងខេត្តសៀមរាប។ នេះបើយោងតាម គេហទំព័ររដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានេះ លោកអគ្គនាយកក្រុមហ៊ុន HUI LI ប៉េកាំង ក៏បានថ្លែងប្រាប់ដល់អង្គប្រជុំផងដែរថា កន្លងមក លោកបាននាំវិនិយោគិនផ្នែកធនាគារមកវិនិយោគផងដែរ។
លោកបានបន្តថា នៅពេលគាត់ត្រឡប់ទៅប្រទេសវិញ គាត់នឹងបន្តនាំវិនិយោគិនទាំងពីរផ្នែកខាងលើមកវិនិយោគបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ ក៏ដូចជាលោក អគ្គនាយកក្រុមហ៊ុន HUI LI ប៉េកាំង ដែលតែងតែនាំវិនិយោគិនមកធ្វើវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់តែម្តង។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕
មតិយោបល់