ព័ត៌មានសេដ្ឋកិច្ច

ភ្នំពេញ នឹងបន្ថែមរថយន្តក្រុង ១០០គ្រឿង បើកខ្សែរត់ថ្មី ៥ខ្សែ នៅខែកក្កដា

សាលារាជធានីភ្នំពេញ នឹងបើកបន្ថែមខ្សែរត់រថយន្តក្រុងចំនួន ៥ខ្សែបន្ថែមទៀត បន្ទាប់ពីទទួលបានរថយន្តក្រុង ១០០គ្រឿងបន្ថែម​ ក្នុងខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។

បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ ហើយកំពុងសិក្សាសាកល្បងលើ ៥ខ្សែបន្ថែមទៀតរួមមាន៖

១.គីឡូម៉ែត្រលេខ ៩ ដល់ បឹងឈូក

២.ផ្សាររាត្រី ដល់ តាខ្មៅ

៣.ផ្សាររាត្រី ដល់ ចោមចៅ

៤.ចោមចៅ ដល់ វត្តស្លែង

៥.ផ្សារកណ្តាល ដល់ ស្ពានព្រះមុនីវង្ស

៦.គីឡូម៉ែត្រលេខ ៩ ដល់ ស្ពានព្រះមុនីវង្ស និងព្រែកលាប ដល់ សែនជូរីផ្លាហ្សា

៧.ស្តាតចាស់ ដល់ ស្ទឹងមានជ័យ

៨.ស្ទឹងមានជ័យ ដល់ វត្តស្លែង។

ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ជាសកម្មភាពដ៏ល្អ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ហើយកាលពីឆ្នាំ ២០១៦ រថយន្តក្រុងសាធារណៈ បានបម្រើដល់អ្នកដំណើរជាង ២លាននាក់​។

សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។

កាលពី ខែមីនាកន្លងទៅនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកទេស វីង បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់ សេវារថយន្តក្រុងសាធារណៈរួចរាល់ហើយ។

ការប្រើកាតឆូត នៅពេលប្រើប្រាស់រថយន្តក្រុងសាធារណៈ នឹងផ្លាស់ប្តូរពីការប្រើប្រាស់ថវិកាដោយផ្ទាល់ មកជាការប្រើប្រាស់កាតប្រចាំខែ ឬប្រចាំឆ្នាំ ដែលបង្កភាពងាយស្រួលដល់ ការគ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធភាព។

គួររម្លឹកដែរថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈPublic Water Busជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៨ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕

មតិយោបល់