យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០១៨ កម្ពុជា បានបញ្ចេញលក់កៅស៊ូប្រមាណ ១៨,៧៨៣តោន ក្នុងតម្លៃជាមធ្យម ១៤៤០ដុល្លារអាមេរិក/តោន។
ត្រឹម ១ខែនេះ បរិមាណផលិតផលសម្រេចបាន និងបញ្ចេញលក់ គឺប្រហាក់ប្រហែល ១៨ពាន់តោន កើនឡើង ១៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
រីឯតម្លៃលក់ជ័រកៅស៊ូមធ្យម ក្នុងរយៈពេល ១ខែនេះ គឺ ១៤៤០ដុល្លារ/តោន ថយចុះ ៤៦៨ដុល្លារ/តោន គឺប្រមាណ ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់ផ្ទៃដីកៅស៊ូសរុបមាន ៤.៣សែនហិកតា ក្នុងនោះ មានផ្ទៃដីចៀរជ័រ ១.៧សែនហិកតា និងផ្ទៃដីថែទាំមាន ២.៦សែនហិកតា។
យ៉ាងណាមិញ កម្ពុជា មានលទ្ធភាពអាចផ្គត់ផ្គង់ជ័រកៅស៊ូ សម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃ ប្រសិនបើមានក្រុមហ៊ុនចង់វិនិយោគរោងចក្រកៃច្នៃផលិតជា សំបកយានយន្តនៅកម្ពុជា។
គួរបញ្ជាក់ដែរថា គិតត្រឹម ១១ខែ ឆ្នាំ ២០១៧ ការដាំដុះកៅស៊ូនៅកម្ពុជា សម្រេចបានប្រមាណ ៤៣ម៉ឺនហិកតា ឲ្យផលប្រមាណជាង ១២ម៉ឺនហិកតា ហើយតាមការប៉ាន់ប្រមាណ ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា ដែលមានសក្តានុពលដាំកៅស៊ូ មានប្រមាណ ៥០ម៉ឺនហិកតាប៉ុណ្ណោះ៕


មតិយោបល់