Sony បង្ហើបពីរចនាបទស្មាតហ្វូនដ៏អាថ៍កំបាំងថ្មីមួយ មុនព្រឹត្តិការណ៍ MWC មកដល់
នៅក្នុងវីដេអូបែបពញាក់អារម្មណ៍ដ៏ខ្លីមួយបង្ហោះផ្សាយលើទំព័រ Twitter ផ្លូវការរបស់ខ្លួនឈ្មោះ SonyXperia ក្រុមហ៊ុន Sony បានរំលេចឱ្យឃើញរចនាបទដ៏ចម្លែកមួយ ដែលមានលក្ខណៈជាខ្សែត្រង់ ហើយបន្តិចម្តងៗ វាបានផ្លាស់ប្តូរជាកោងវិញ។
គេពិបាកនឹងសន្ឋិដ្ឋានថា វីដេអូនោះចង់និយាយអំពីអ្វីឱ្យពិតប្រាកដណាស់ ប៉ុន្តែ គេហ៊ានសន្និដ្ឋានថា Sony មានអ្វីមួយពិសេសលើផលិតផលស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ខ្លួន ដែលនឹងបង្ហាញចេញនាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងមុខ នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
កន្លងមក មានព័ត៌មានក្រៅផ្លូវការជាច្រើនបានលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ជប៉ុននឹងផ្លាស់ប្តូររចនាបទទូរសព្ទ Xperia រាងជ្រុងរបស់ខ្លួន ដែលបានរក្សាមកជាច្រើនឆ្នាំនោះចេញ ហើយជំនួសមកវិញនូវរចនាបទថ្មីមិនធ្លាប់មាន។
https://twitter.com/sonyxperia/status/965511954935803904
ទាក់ទងទៅនឹងព័ត៌មានចចាមអារ៉ាម និងដោយផ្អែកលើវីដេអូតម្រុយរយៈពេល ២៣ វិនាទី ដែលមានរូបបាទដៃដាក់ទ្រខ្សែកោងឆ្នូតៗផងនោះ គេរំពឹងថា Sony នឹងបញ្ចេញទូរសព្ទ Xperia ដែលមានរចនាបទសម្បកខាងក្រោយកោង ដើម្បីងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់លើប្រអប់ដៃ។
គួររំឭកថា ក្រុមហ៊ុន Sony ត្រូវគេរំពឹងថា នឹងធ្វើការបើកបង្ហាញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរីថ្មីរបស់ខ្លួន រួមមានម៉ូឌែល Xperia XZ1 Premium, XZ1 Plus, និង XZ1s នៅឯព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC 2018 ដែលនឹងប្រព្រឹត្តិពីថ្ងៃទី ២៦ កុម្ភ: ដល់ថ្ងៃទី ០១ មិនា។ ក្នុងនោះ ម៉ូឌែល Premium នឹងក្លាយជាស្មាតហ្វូនទំនើបបំផុតក្នុងចំណោមស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន ដោយវានឹងបំពាក់អេក្រង់ទំហំ ៥.៥ អ៊ីញ ប្រើខ្នាតបញ្ចាំងរូបភាពកម្រិត 4K (២១៦០x៣៨៤០ភិចសែល) ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប Snapdragon 845 ដែលជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm, RAM ទំហំ ៦ ជីហ្គាបៃយ៍, មេម៉ូរីជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ និងកាមេរ៉ាភ្លោះនៅខាងក្រោយម្ខាងៗទំហំ ១២ មេហ្គាភិចសែល ជាមួយបន្ទះស្គេនក្រយៅដៃឋិតនៅខាងក្រោយ។
ដោយឡែក XZ1 Plus និង XZ1s ត្រូវគេរាយការណ៍ថា នឹងបំពាក់កាមេរ៉ាក្រោយភ្លោះ ព្រមទាំងបន្ទះស្គេនដូចជា XZ1 Premium អីចឹងដែរ ប៉ុន្តែ XZ1 Plus មានថាមពលខ្លាំង និងធំជាង XZ1s ដោយ វាមានអេក្រង់ទំហំ ៥.៥ អ៊ីញ ខ្នាត Full HD និងប្រើបន្ទះឈីប Snapdragon 845 ខណ: XZ1s ប្រើអេក្រង់ទំហំ ៥.២ អ៊ីញ ខ្នាត Full HD និងបន្ទះឈីប Snapdragon 835។ ម៉ូឌែលទាំងពីរនេះ ត្រូវគេរំពឹងថា នឹងប្រើ RAM និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៤/៦៤ ជីហ្គាបៃយ៍។
គួររំឭកផងដែរថា ស្មាតហ្វូនលំដាប់កំពូលស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Sony បើតាមរូបរាងក្រាហ្វិកបែកធ្លាយចុងក្រោយ គឺវាមានការកែប្រែរចនាបទយ៉ាងធំធេង ធៀបនឹងជំនាន់មុនៗ ជាពិសេស ផ្ទៃអេក្រង់របស់វាគឺធំលាតកប់គែមសងខាង និងបន្សល់ទុកស៊ុមលើក្រោមដ៏តូចប៉ុណ្ណោះ ដែលនេះ អាចជាកិច្ចខំប្រឹងប្រែងថ្មីរបស់ក្រុមហ៊ុនក្នុងការប្រកួតប្រជែងលើទីផ្សារ ខណ:អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្ន និយមទូរសព្ទដែលមានស៊ុមអេក្រង់ស្តើង៕
មតិយោបល់