ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា តាមរយៈនៃការរីកចម្រើនរបស់វិស័យទេសចរណ៍ នៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់ និងត្រូវការធនធានមនុស្សបម្រើឱ្យវិស័យមួយនេះប្រមាណ ១.៧លាននាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា តាមរយៈនៃការរីកចម្រើនរបស់ វិស័យទេសចរណ៍កម្ពុជា រំពឹងថា នៅឆ្នំា២០៣០ នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់។

ឯកឧត្តមបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ កម្ពុជាត្រូវការធនធានមនុស្សលើជំនាញទេសចរណ៍ប្រមាណ ១.៧លាននាក់ ហើយបច្ចុប្បន្ននេះ កម្ពុជាបានធ្វើការបណ្តុះបណ្តាលធនធាន មនុស្សក្នុងមួយឆ្នំាប្រមាណ ១៥ម៉ឺននាក់ នៅតាមសាលាវិជ្ជាជីវៈ និងតាមសាលាចំណេះដឹងទូទៅ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ជាក់ស្តែងនៅថ្ងៃនេះ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តន៍វិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ដល់ យុវជនក្នុងវិស័យទេសចរណ៍ឱ្យមានសមត្ថភាពខ្ពស់ ស្របតាមស្តង់ដារអាស៊ាន។

ដើម្បីជំរុញការផ្តល់ជំនាញទេសចរណ៍ដល់យុវជនកម្ពុជាឱ្យ បានកាន់តែច្រើន និងមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍សហការជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងអង្គការទេសន្តប្រវេស បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងការជួយដល់យុវជន ដែលមានជីវភាពក្រីក្រ អាចមករៀនយកជំនាញទេសចរណ៍នេះបាន។

ឯកឧត្តមបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍បានដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងបានកំណត់គោលដៅដូចជា ឆ្នាំ ២០២០។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធសហការគ្នាបង្កើតការងារដោយផ្ទាល់ ឱ្យបានប្រមាណជិត ១លាននាក់ ហើយត្រូវជំរុញឱ្យអ្នកជំនាញយ៉ាងតិច ៥០ភាគរយ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា នៅក្នុងឆ្នាំ ២០២៥ គ្រោងនឹងបង្កើតការងារ ដោយផ្ទាល់ឱ្យបានប្រមាណ១.២នាក់ និងត្រូវសម្រេចឱ្យបានយុទ្ធនាការ «បុគ្គលិកមា្នក់ ជំនាញមួយ» ពោលគឺជំរុញឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់មានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ានឱ្យបាន ១០០ភាគរយ។

​សូមរម្លឹកផងដែរថា ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៥.៦លាននាក់ ក្នុងកំណើន ១១.៨ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ហើយបើតាមការព្យាករណ៍នៅឆ្នាំ ២០១៨នេះ កម្ពុជារំពឹងទទួលទេសចរអន្តរជាតិ ៦.១លាននាក់៕

មតិយោបល់