ព័ត៌មានសេដ្ឋកិច្ច

ប្រជាជនក្រីក្របំផុតនៅកម្ពុជា អាចសន្សំប្រាក់បាន ៦៦ដុល្លារ ក្នុងមួយឆ្នាំ

ប្រជាជនក្រីក្របំផុតនៅកម្ពុជា អាចសន្សំប្រាក់បាន ៦៦ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ នេះបើយោងតាម លោកស្រី លឹម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាមកម្ពុជា បានលើកឡើងកាលពីម្សិលមិញនេះ ក្នុងឱកាសសន្និសីទជាតិស្តីអំពី សហគមន៍សន្សំប្រាក់៖ ការអភិវឌ្ឍថ្មីលើសពីធុរកិច្ចធម្មតា។

លោកស្រី បានឲ្យដឹងទៀតថា យោងតាមទិន្នន័យចេញពី ការវាយតម្លៃគម្រោងក្រុមសន្សំប្រាក់ នៅឆ្នាំ ២០១២ របស់ អង្គការអុកស្វាម អ្នកទាល់ក្រណាស់ ក៏អាចសន្សំប្រាក់បាន ៦៦ដុល្លារដែរ ក្នុងមួយឆ្នាំ បើពួកគេចូលរួមក្នុងសហគមន៍សន្សំប្រាក់ ដែលនេះការបង្កើតនូវ ម៉ូដែលសន្សំប្រាក់ ដើម្បីផ្លាស់ប្តូរ ដោយចាប់ផ្តើមពីការផ្លាស់ប្តូរទម្លាប់សន្សំប្រាក់របស់ពួកគេ។

ម៉ូដែលក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដែលមកទល់បច្ចុប្បន្នមានសមាជិកចូលរួមគម្រោងជាង ១៤ម៉ឺននាក់ និងបានបង្កើនសន្សំប្រមាណជាង ៥លានដុល្លារអាមេរិក។

យ៉ាងណាមិញ ម៉ូដែលក្រុមសន្សំប្រាក់នេះ រំពឹងទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួល ស្វែងរកវិធីសាស្រ្ត គំនិតច្នៃប្រឌិតថ្មី ជាពិសេសការគ្រប់គ្រងទិន្នន័យរួម ដើម្បីជម្រុញឲ្យម៉ូដែលនេះ មាននិរន្តរភាព និងចីរភាព។

ជាការឆ្លើយតប លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា នឹងជួយរៀបចំឲ្យមានយន្តការគ្រប់គ្រង សហគមន៍សន្សំប្រាក់ ឲ្យមានចីរភាព ដែលអាចជួយបង្កើនផលចំណូល ឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៅទៀត ក៏មានការគាំទ្រទាំងបច្ចេកទេស ទាំងផ្លូវច្បាប់ មានការសិក្សានីតិវិធី និងគោលនយោបាយរួម ដើម្បីបង្កើតជា ម៉ូដែលរួម របស់ប្រទេសកម្ពុជាផងដែរ។

គួរជម្រាបដែរថា យោងតាមទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គិតត្រឹមដើមឆ្នាំ ២០១៦ មូលនិធិរបស់សហគមន៍សន្សំប្រាក់ មានរហូតដល់ ៤៩ពាន់លានរៀល និងមានសមាជិកជាង ២សែននាក់ គិតជាក្រុមសន្សំប្រមាណ ១ម៉ឺន២ពាន់ក្រុម៕

មតិយោបល់