ព័ត៌មានជាតិ

ក្រុមចោរលួចកាត់ខ្សែភ្លើងរដ្ឋចំនួន៣នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាលួចកាត់ខ្សែភ្លើងរដ្ឋចំនួន ៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានធ្វើទ្បើងដោយយោងតាមពាក្យបណ្ដឹង ឈ្មោះ ទេព កោសល្យ ភេទប្រុសអាយុ៤១ឆ្នាំ តំណាងការិយាល័យនីតិកម្មទូរគមនាគមន៍កម្ពុជា ។

ជនសង្ស័យទាំងបីទី១.ឈ្មោះ អ៊ាន អ៊រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី២.ឈ្មោះ អ៊ិន វិរៈ ហៅ អូន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣ ឈ្មោះ សាយ សាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖ ខ្សែកាបប្រភេទកូបព័រប្រវែងប្រហែល ៥០ ម៉ែត្រចំនួន១ខ្សែ ជណ្ដើរអាលុយមីញូមចំនួន១ ម៉ូតូអូសរឺម៉ក ម៉ាកវ៉េវចំនួន១គ្រឿង ឬស្សីប្រហែល៤ម៉ែត្រ១ដើម ដង្កាប់ចំនួន២ ដង្កាប់មុខវែងចំនួន១ សោជញ្ជៀនលេខ២២ចំនួន១ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលវេលាពថ្ងៃខែកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានជិះម៉ូតូចេញល្បាត តាមបណ្ដោយផ្លូវបេតុងព្រៃស រហូតដល់ត្រង់ចំណុចភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកវ៉េវចិន ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1AO- 7854 លេខម៉ាស៊ីន 0725039 (ម៉ូតូចាស់) មានរទេះពីក្រោយ១ កំពុងធ្វើសកម្មភាពលួចកកាត់យកខ្សែកាបកូបព័រ របស់ទូរគនាគមន៍កម្ពុជា ពេលជនសង្ស័យ
ឃើញសមត្ថកិច្ច ពួកគេបាននាំគ្នាជិះម៉ូតូរឺម៉កខាងលើគេចខ្លួន ពីកើតទៅលិចតាមផ្លូវបេតុងព្រៃស។ ពេលនោះសមត្ថកិច្ច ក៏បានដេញតាមឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ
ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់