គណៈប្រតិភូសេដ្ឋកិច្ចមកពីប្រទេសម៉ាឡេស៊ី កំពុងចាប់អារម្មណ៍កម្ពុជា លើទីផ្សារបោះទុនវិនិយោគច្រើនវិស័យ ពិសេសគឺពាក់ព័ន្ធជាមួយការវិនិយោគទៅលើតំបន់ទេសចរណ៍ ការបង្កើតរោងចក្រវិស័យឧស្សាហកម្មនិងសិប្បកម្ម ព្រមទាំងសេវាផ្សេងៗទៀត ដែលឈរលើគោលការណ៍ឥស្លាមហាឡាល់។
ឯកឧត្តមឧកញ៉ាបណ្ឌិត Tan Seri Dato Rahim Tamby Chik ប្រធានសន្និសីទសេដ្ឋកិច្ចមូស្លីម ម៉ាឡេស៊ី និងអាស៊ានបានលើកឡើងថា ពិតណាស់កម្ពុជា ជាប្រទេសមួយមានសក្ដានុពលល្អ ខណៈដែលឃើញមានវិនិយោគិនច្រើនមកពីបរទេស មកបោះទុននៅកម្ពុជា។
ដូច្នេះ ម៉ាឡេស៊ី ក៏ចាប់អារម្មណ៍ដែរ ព្រោះឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនទៅមុខពីមួយឆ្នាំ ទៅមួយឆ្នាំ មានសុខសន្តិភាពល្អ ពលរដ្ឋមានជីវភាពល្អប្រសើរឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិតបន្តថា កម្ពុជាបច្ចុប្បន្ន មានស្ថាប័នហាឡាល់ ដែលពិតជាស្ថាប័នមួយទទួលស្គាល់ ថ្នាក់ជាតិ និងអន្តរជាតិ ខណៈដែលស្ថាប័នហាឡាល់នេះ មានសក្ដានុពលខ្ពស់ចំពោះមូស្លីមលើពិភពលោក ឱ្យមានជំនឿជាក់លើគោលការណ៍ឥស្លាម។
ឯកឧត្តមបន្តទៀតថា នៅពេលមានស្ថាប័នហាឡាល់នៅកម្ពុជា នោះបានន័យថា ពិភពឥស្លាមលើ ពិភពលោកនឹងទទួលស្គាល់នូវហាឡាល់កម្ពុជា ដែលនេះជាឱកាសល្អមួយសម្រាប់ម៉ាឡេស៊ី សង្ឃឹមនឹងការបោះទុននិយោគលើវិស័យម្ហូបអាហារ និងសេវាកម្មហាឡាល់ជាច្រើនផ្សេងទៀត។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នឹងកៀរគរវិនិយោគិនម៉ាឡេស៊ីឱ្យ កាន់តែច្រើនឡើងបោះទុននៅកម្ពុជា ខណៈដែលឯកឧត្តម នឹងយកដំណឹងពីកម្ពុជា ទៅផ្សព្វផ្សាយដល់បណ្ដា អ្នកមានលុយ មហាសេដ្ឋីម៉ាឡេស៊ី ឱ្យមានភាពជឿជាក់ចំពោះកម្ពុជា។
ទន្ទឹមនេះ ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏បានលើកឡើងថា ពិតណាស់កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្ដាវិនិយោគិនទូទាំងពិភពលោក ហើយក៏មានចិត្តត្រេកអរណាស់ ដែលគណៈប្រតិភូសេដ្ឋកិច្ចមកពី ម៉ាឡេស៊ី ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ វិនិយោគិនមកពីប្រទេសចិន កំពុងវិនិយោគខ្លាំងក្លាទៅលើ វិស័យសំណង់នៅ រាជធានីភ្នំពេញ និងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ខណៈដែលប្រទេសថៃចាប់អារម្មណ៍បោះទុន វិនិយោគនៅខេត្តកំពត ហើយម៉ាឡេស៊ី បោះទុនវិនិយោគលើវិស័យផ្សេងៗ និងគ្រោងកៀរគរវិនិយោគិន មករកស៊ីនៅ កម្ពុជាបន្ថែមទៀតឱ្យបានកាន់តែច្រើនឡើងៗ៕
មតិយោបល់