ក្រសួងផែនការ បានធ្វើការប៉ាន់ស្មានថា ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជា នឹងកើនឡើងស្ទើរតែទ្វេដង នៅឆ្នាំ ២០៣០ ប្រមាណ ១.៩៩លាននាក់ ខណៈប្រជាពលរដ្ឋសរុបកើនដល់ ១៨លាននាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
កាលពីឆ្នាំ ២០១៥ គឺមានមនុស្សចាស់ជាង ១.១១លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៥.៣លាននាក់។
នេះ គឺជាសារមួយដ៏មានសារៈសំខាន់ ដែលតម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរយកចិត្តទុកដាក់ អំពីយន្តការដើម្បីគាំពារផ្តល់នូវភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់ជនចាស់ជរាទាំងអស់នោះ ចៀសវាងទុកពួកគាត់ឱ្យនៅឯការតែម្នាក់ឯងគ្មានទីស្នាក់អាស្រ័យ។
រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ឯកសារគោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០ ដែលជាឯកសារដ៏មានសារៈសំខាន់ សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍន៍នៃសង្គមជាតិ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។
ការបង្កើតនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែមសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់ក្នុងសង្គម ដើម្បីធ្វើឱ្យសង្គមខ្មែរជាសង្គមប្រកបដោយបរិយាប័ន្ន។
ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមបណ្តាសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ គឺសេនាធិការដ៏សំខាន់ក្នុងការងារនេះ។
មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសមន្រ្តីវ័យក្មេង ក៏ត្រូវយកចិត្តទុកដាក់គាំពារ ថែរក្សា ផ្តល់តម្លៃទំនុកបម្រុងនិងលើកទឹកចិត្តចំពោះមនុស្សចាស់ តាមគ្រប់មធ្យោបាយ ដើម្បីភាពសុខដុមរមនារវាងមនុស្សចាស់ និងសង្គម មនុស្សក្មេង ក៏ដូចជារក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសយើង ដែលមានវប្បធម៌នៃការគោរព ឱនលំទោនពីមនុស្សក្មេងទៅកាន់មនុស្សចាស់ និងចាត់ទុកមនុស្សចាស់ជាឧបការីជន ពីមួយជំនាន់ទៅមួយជំនាន់៕
មតិយោបល់