ព័ត៌មានសេដ្ឋកិច្ច

រុស្ស៊ី នឹងបង្កើតសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នីកូឡាយ ស្ពាស្គី អគ្គនាយករងសាជីវកម្មថាមពលបរិមាណូរដ្ឋ ROSATOM នៃប្រទេសរុស្ស៊ី និងបានពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន៖

១. ការពន្លឿនការរៀបចំមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

២. តម្រូវការអប់រំ និងបណ្តុះបណ្តាលរបស់ភាគីកម្ពុជា សម្រាប់ស្នើទៅភាគីរុស្ស៊ី

៣. សេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអំពី កិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបាន ឯកភាពអនុញ្ញាតឱ្យក្រុមការងាររួមកម្ពុជា-រុស្ស៊ី បន្តពិភាក្សាលម្អិតលើ ទិដ្ឋភាពបច្ចេកទេស ដើម្បីឈានទៅរកការសម្រេចការងារខាងលើបានឆាប់រហ័ស៕

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងកំពុងពិភាក្សាជាបន្ត លើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព ដោយគ្រោងនឹងរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ នៅកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក៏គ្រោងបញ្ជូននិស្សិតកម្ពុជា ទៅសិក្សាផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្ស៊ី។

លើសពីនេះទៅទៀត កម្ពុជា ក៏បានលើកឡើងពី ការប្រើប្រាស់វិទ្យុអ៊ីសូតុប ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យវេជ្ជសាស្រ្ត កសិកម្មនិងឧស្សាហកម្ម ការផលិតអគ្គិសនីពីថាមពលនុយក្លេអ៊ែរ ព្រមទំាងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញបច្ចេកទេស។

ការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព បានកើនឡើងជាប្រចាំក្នុងវិស័យជាច្រើនដូចជា កសិកម្ម និងស្បៀងអាហារ វេជ្ជសាស្រ្ត ឧស្សាហកម្ម ផលិតកម្មអគ្គិសនី សំណង់ និងបរិស្ថានជាដើម។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងទិសដៅលើកកម្ពស់សុខភាពមនុស្ស បង្កើនស្តង់ដាជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕

មតិយោបល់