ព័ត៌មានបច្ចេកវិទ្យា

Vivo រកឃើញកន្លែងដាក់កាមេរ៉ាមុខសម្រាប់ស្មាតហ្វូនបំពាក់អេក្រង់គ្មានស៊ុម

ក្រុមហ៊ុនផលិតស្មាតហ្វូននានាកំពុងប្រកួតប្រជែងគ្នាផលិតចេញនូវស្មាតហ្វូនដែលមានរចនាបទអេក្រង់គែមស្តើងទាំងលើទាំងក្រោម ហើយបញ្ហាដែលក្រុមហ៊ុនទាំងនោះកំពុងប្រឈមគឺ គ្រប់ស្មាតហ្វូនសុទ្ធតែត្រូវប្រឡោះនៅផ្ទៃអេក្រង់ខាងលើ ទុកសម្រាប់ដាក់កាមេរ៉ាមុខសម្រាប់ថតរូប Selfie និង Sensor មួយចំនួន។

ជាស្តែង iPhone X និងស្មាតហ្វូនទើបចេញថ្មីមួយចំនួន​ ត្រូវបង្ខំចិត្តខ្វាលអេក្រង់ឱ្យឆកសម្រាប់សមាសធាតុផ្សំដ៏សំខាន់នេះ ដែលនាំឱ្យពួកវាមិនអាចឱ្យគេចាត់ជាទូរសព្ទដែលបំពាក់អេក្រង់ពេញគែម ១០០%បាន។

ទាក់ទងទៅនឹងចំណោទនេះ​ ក្រុមហ៊ុន Vivo បានចេញនូវដំណោះស្រាយថ្មីមួយ តាមរយៈគំរូទូរសព្ទឈ្មោះ​ Apex ដែលបំពាក់អេក្រង់មានគែមខាងលើត្រឹមតែ ១.៨ មីល្លីម៉ែត្រ និងខាងក្រោម ៤.៣ មីល្លីម៉ែត្រ រហូតគ្មានបន្សល់ទុកនូវចម្លោះសម្រាប់ដាក់កាមេរ៉ាមុខអ្វីឡើយ។

ជាមួយរចនាបទបែបនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនបាននឹកឃើញគំនិតប្តូរទីតាំងកាមេរ៉ា Selfie ទៅដាក់នៅគែមទូរសព្ទខាងលើ ដែលវាអាចចុចចេញចូលបាននៅពេលចង់ថតរូបម្តងៗ និងមិនចាំបាច់ខ្វាលអេក្រង់ដូចជា iPhone X ឡើយ។

កាមេរ៉ាបង្កប់នោះ មានទំហំ ៨ មេហ្គាភិចសែល និងឋិតពីក្រោយគែមអេក្រង់ខាងមុខកម្រាស់ ០.៨ មីល្លីម៉ែត្រ​ ហើយបន្ទះស្គេនក្រយៅដៃរបស់វា ក៏ត្រូវបានបង្កប់ក្រោមស្រទាប់អេក្រង់ផងដែរ ខណៈបច្ចេកវិទ្យានេះមានរួចទៅហើយនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Vivo។

យ៉ាងណាក៏ដោយ គេពុំមានព័ត៌មាន ឬប្រភពណាមួយអះអាងថា Vivo Apex នឹងចេញជារូបរាងពិតប្រាកដពេលណានោះទេ ខណៈរចនាបទគំរូថ្មីនេះ នឹង​ជួយ​ឱ្យ Vivo នាំមុខគូប្រជែងលើលក្ខណៈសម្បត្តិកាមេរ៉ាមុខ នាពេលអនាគតបាន៕

ប្រភពព័ត៌មានៈ thenextweb

មតិយោបល់