ព័ត៌មានសេដ្ឋកិច្ច

អាហារដ្ឋានគ្មានអនាម័យ អាចនឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន រហូតដល់ ៣ខែ

អាជ្ញាធររាជធានីភ្នំពេញ បានព្រមានផ្អាកអាជីវកម្មចំពោះ អាហារដ្ឋានគ្មានអនាម័យ ស្របពេលបច្ចុប្បន្ន នៅតាមគោលដៅទេសចរណ៍មួយចំនួន មិនទាន់អនុវត្តន៍ឱ្យបានល្អប្រសើរនូវ គោលការណ៍ណែនាំអំពី «ទីក្រុងស្អាត សេវាកម្មល្អ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក នូ សិរីរ័ត្ន អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអះអាងថា បើសិនជាមូលដ្ឋានអាជីវកម្មផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈណាមួយ ត្រូវបានរកឃើញពីភាពខ្វះអនាម័យ និងពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់នោះទេ នឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន រហូតដល់រយៈពេល ៣ខែ។

លោក នូ សិរីរ័ត្ន បានបញ្ជាក់ថា ការចុះត្រួតពិនិត្យរក អាហារដ្ឋានណា ដែលគ្មានអនាម័យ និងច្បាប់គ្រប់គ្រាន់ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាល ឆ្នាំ២០១៨នេះ។

លោកបានបន្តថា វិធានការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព និងបង្កើនចំណេះដឹងដល់ បុគ្គលិកដែលកំពុងបម្រើការងារផ្នែកសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ឱ្យមានសេវាកម្មល្អប្រសើរទាំង ចំណេះដឹង និងចំណេះធ្វើ ដើម្បីរក្សាភាពថ្លៃថ្នូរ ទាំងអ្នករត់តុ និងភ្ញៀវ។

ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីធានាថាម្ចាស់ហាងអាជីវកម្មទាំងនោះ បានអនុវត្តន៍នូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រកបដោយអនាម័យ សុវត្ថិភាព ដល់អ្នកបរិភោគ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីដើមសប្តាហ៍នេះ ក៏បានរម្លឹកដល់ម្ចាស់មូលដ្ឋាន បម្រើសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ចសណ្ឋាគារទាំងអស់ ឱ្យពង្រឹងគុណភាព សេវាកម្មស្នាក់នៅ អនាម័យ ភាពស្អាត ភាពរួសរាយរាក់ទាក់របស់បុគ្គលិក រួមនឹងតម្លៃសមរម្យ នៃការលក់ដូរ ខណៈរាជរដ្ឋាភិបាលដាក់ផែនការទាក់ទាញកំណើន ទេសចរបរទេសមកកាន់កម្ពុជា ឱ្យកើនឡើងដល់ ៧.៥លាននាក់ នៅត្រឹមឆ្នាំ២០២០ ជាមួយនឹងចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារដល់ ប្រជាពលរដ្ឋដោយផ្ទាល់ជិត ១លាននាក់៕

មតិយោបល់