ភាពយឺតយ៉ាវនៃកំណើនពាណិជ្ជកម្ម ហាក់បីដូចជាឈានដល់កម្រិតទាបបំផុត ហើយមានសញ្ញាដំបូងៗដែលបង្ហាញថា ការវិនិយោគឯកជនក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស កំពុងងើបឡើងវិញ នៅតាមប្រទេសនានា ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម និងបន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតាមប្រទេស ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ។
ដើម្បីឱ្យកំណើននេះនៅតែបន្តនិរន្តរភាពទៅមុខទៀត កំណែទម្រង់ចាំបាច់ត្រូវតែបន្តមាន។ សមិទ្ធផលដែលសម្រេចបានជុំវិញការធ្វើសេរីភាវូបនីយកម្មអត្រាពន្ធគយ ត្រូវបានកាត់កងមួយផ្នែកដោយការកើនឡើងនូវវិធានការមិនមែនពន្ធគយ ដែលតាមពិតជារបាំងពាណិជ្ជកម្មកាន់តែធំជាងមុនទៅវិញទេ។
ការវិនិយោគឆ្លងដែន ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម បានបង្ហាញឱ្យឃើញពីនិន្នាការកើនឡើងថ្មីៗយ៉ាងខ្លាំង រហូតដល់ថ្នាក់ របាយការណ៍វិនិយោគរបស់អាស៊ាន យកទៅធ្វើជាប្រធានបទ។ បន្ថែមពីលើនេះ សេដ្ឋកិច្ច ដែលជម្រុញដោយនវានុវត្តន៍បែបនេះ ចាំបាច់ត្រូវឆ្លើយតបផងដែរចំពោះបញ្ហាប្រឈម និងកាលានុវត្តភាព ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទីបួន (ហៅកាត់ថា 4IR)។
របាយការណ៍នេះកត់សម្គាល់ពីការត្រៀមរៀបចំខ្លួនក្នុងកម្រិតខុសៗគ្នារបស់ប្រទេសជាសមាជិក ពោលគឺនៅពេលកម្រិតនៃការអភិវឌ្ឍកាន់តែខ្ពស់ ប្រទេសកាន់តែត្រៀមរៀបចំខ្លួនបានកាន់តែល្អ ដែលកត្តានេះអាចធ្វើឱ្យគម្លាតនៃការអភិវឌ្ឍរវាងប្រទេសទាំងនេះកាន់តែរីកធំ ជាជាងរួមតូច ប្រសិនបើមិនត្រូវបានឆ្លើយតបទេនោះ។
បដិវត្តន៍ឧស្សាហកម្មទីបួន នាំមកនូវបញ្ហាប្រឈមផង និងកាលានុវត្តភាពផង
បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមធំៗនៃបដិវត្តន៍ឧស្សាហកម្មទីបួននេះគឺការបាត់បង់ការងារ ដែលបង្កឡើងដោយការធ្វើស្វ័យប្រវត្តិកម្ម និងភាពកាន់តែទំនើបជឿនលឿននៃបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (artificial intelligence)។
ការបាត់បង់ការងារនឹងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួន ជាងប្រទេសផ្សេងទៀត។ ការងារដដែលៗ ដែលប្រើជំនាញកម្រិតទាប (ដូចជា កម្មករក្នុងខ្សែសង្វាក់ផលិតកម្មផ្នែកបង្គុំ ជាដើម) គឺជាអ្នកដែលងាយប្រឈមនឹងហានិភ័យបែបនេះជាងគេ ប៉ុន្តែការងារផ្តល់សេវា ក៏កាន់តែទទួលរងការគំរាមកំហែងផងដែរ (ដូចជា នៅពេលដែលដំណើរការធុរកិច្ចមួយចំនួនត្រូវបានក្រុមហ៊ុនជួលឱ្យអ្នកខាងក្រៅធ្វើជំនួសវិញ)។
ជាការឆ្លើយតបបន្ទាន់ ការផ្តល់លទ្ធភាពឱ្យកម្មករគ្មានជំនាញអាចបង្កើនកម្រិតជំនាញរបស់ខ្លួន នឹងជួយទប់ទល់នឹងបញ្ហាគ្មានការងារធ្វើនៅតាមប្រទេសបញ្ជូនពលករ ក៏ដូចជាជួយធ្វើឱ្យកំណើនដែលសម្រេចបានក្នុងប្រទេសទទួលពលករបន្តនិរន្តរភាពទៅមុខទៀត ហើយក្នុងពេលជាមួយគ្នា អាចជួយកាត់បន្ថយបញ្ហាវិសមភាពសេដ្ឋកិច្ចដែលកំពុងបន្តមានការកើនឡើងរវាងតំបន់មួយ និងតំបន់មួយទៀតក្នុងប្រទេសមួយ និងរវាងប្រទេសមួយ និងប្រទេសមួយទៀត។
ក្នុងរយៈពេលមធ្យម ឧស្សាហកម្មថ្មីៗនឹងមានការកើនឡើង ដូច្នេះ ពលករត្រូវការជំនាញថ្មីៗបន្ថែមទៀត។ ការវិនិយោគលើការបង្កើនធនធានមនុស្ស ត្រូវតែចាប់ផ្តើមពីពេលនេះតទៅ។ ជំនាញដែលត្រូវការជាចាំបាច់ គឺលើសពីសមត្ថភាពបច្ចេកទេស ដូចជា សមត្ថភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាដោយច្នៃប្រឌិតថ្មីជាដើម។
លើសពីនេះ ការផ្លាស់ប្តូរក្នុងល្បឿនលឿនបែបនេះតម្រូវឱ្យមានការផ្តល់ការបណ្តុះបណ្តាល និងឱកាសរៀនសូត្រពេញមួយជីវិតដល់មនុស្សពេញវ័យ ពោលគឺមិនត្រឹមតែជាការអប់រំក្នុងវ័យដំបូងៗនៃជីវិតប៉ុណ្ណោះទេ។ លើសពីនេះ កិច្ចព្រមព្រៀមទទួលស្គាល់ទៅវិញទៅមកត្រូវតែពង្រីកបន្ថែម ដើម្បីគ្របដណ្តប់លើមុខរបរថ្មីៗ ហើយក្នុងពេលជាមួយគ្នា ចាំបាច់ត្រូវតែមានការធ្វើសុខុដុមនីយកម្ម និងសាមញ្ញកម្មទិដ្ឋាការការងារ។
កាលានុវត្តភាពមួយ ក្នុងចំណោមកាលានុវត្តភាពធំៗ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទីបួននេះ គឺសក្តានុពលនៃ “បច្ចេកវិទ្យាថ្មីស្រឡាងដែលរំខានដល់អ្វីដែលកំពុងវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ (disruptive technologies)” ក្នុងការផ្តល់អំណាចដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នេះបើតាមការលើកឡើងក្នុងរបាយការណ៍នេះ។ សហគ្រាសជាង ៩០% នៅអាស៊ាន គឺជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ហើយសហគ្រាសទាំងនេះក៏ជាអ្នកផ្តល់ការងារភាគច្រើន ក្នុងរដ្ឋជាសមាជិកផងដែរ។
សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ជារឿយៗ ជួបនឹងឧបសគ្គ ដោយសារតែសហគ្រាសទាំងនោះខ្វះលទ្ធភាពក្នុងការទទួលបានសេវាធុរកិច្ច និងសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យា blockchain មានសក្តានុពលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុ និងភស្តុភារឆ្លងដែនកាន់តែមានសន្តិសុខជាងមុន សូម្បីតែក្នុងប្រទេសដែលសេវាទាំងនេះមិនទាន់មានការអភិវឌ្ឍពេញលេញយ៉ាងណាក៏ដោយ។
បច្ចេកវិទ្យានេះអាចផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនតូចៗជាងគេ ក្នុងប្រទេសក្រីក្រជាងគេ របស់អាស៊ាន។
ការលេចចេញរូបរាងនៃទីផ្សារអនឡាញ ក៏ជាមូលដ្ឋាន ដើម្បីឱ្យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ទទួលបានចំណែកទីផ្សារក្នុងតំបន់ និងក្នុងសកលលោកផងដែរ។
ដូច្នេះ បដិវត្តន៍ឧស្សាហកម្មទីបួន ផ្តល់នូវកាលានុវត្តភាពឱ្យអាស៊ានអាចបំពេញគោលដៅបង្កើនបរិយាប័ន្នរបស់ខ្លួន តាមរយៈការធ្វើសមាហរណកម្មសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ទៅក្នុងសង្វាក់តម្លៃសកល។ ប៉ុន្តែ បដិវត្តន៍ឧស្សាហកម្មទីបួននេះក៏ទាមទារឱ្យតំបន់នេះត្រូវ វិនិយោគលើធនធានមនុស្ស ដើម្បីបន្តទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីបង្កលក្ខណៈឱ្យនវានុវត្តន៍ក្លាយជាកម្លាំងចលករជម្រុញកំណើនសេដ្ឋកិច្ចផងដែរ។
ការទទួលយកបដិវត្តន៍ឧស្សាហកម្មទីបួន និងកំណើនបរិយាប័ន្នដែលជម្រុញដោយនវានុវត្តន៍ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាបាននូវសន្តិភាពរយៈពេល ៥០ ឆ្នាំទៀត នៅអាស៊ាន៕
មតិយោបល់