ព័ត៌មានសិល្បៈ និងកម្សាន្ត

មហាកម្សត់! តារាចម្រៀង សេម ម៉ាកូ ម្ដាយស្លាប់ដោយសារបាកាស បាន១៨ថ្ងៃ ភ្លើងឆេះផ្ទះម៉ត់

រឿងរ៉ាវនៅលើលោកនេះ ពិតជាប្លែកៗ និងពោរពេញដោយភាពចៃដន្យនឹកស្មានមិនដល់រាប់មិនអស់ ដោយអ្នកខ្លះក៏ជួបប្រទះនូវភាពចៃដន្យ ធ្វើអោយជីវិតប្រសើរឡើង ប៉ុន្តែសម្រាប់មនុស្សខ្លះក៏ត្រូវធ្លាក់ខ្លួន និងក្លាយជាមនុស្សពោរពេញដោយវិបត្តិព្រោះតែអ្វីដែលគេបានជួបក្នុងជីវិត គឺជារឿងដ៏អាក្រក់បំផុតស្ទើរមិនគួរជឿ។ ជាក់ស្ដែងខ្សែជីវិត របស់តារាចម្រៀងកម្សត់មួយរូបមកពីខេត្តតាកែវ លោក សេម ម៉ាកូ ដែលត្រូវគេស្គាល់ក្នុងសង្គមសិល្បៈថា លោកសេមៗ គឺរឹតតែស្ដាប់ហើយក្ដុកក្ដួលមិនគួរនឹងជឿត្រចៀក ដោយសារតែម្ដាយត្រូវស្លាប់មួយរំពេចក្រោយការទទួលទៀនភេជ្ជៈបាកាសមួយកំប៉ុង ហើយផ្ទះដ៏កក់ក្ដៅដែលជាទ្រនំប្រចាំគ្រួសារក៏ត្រូវទុស្សេខ្សែភ្លើងឆេះម៉ត់ នៅ១៨ថ្ងៃក្រោយ។

លោក សេម ម៉ាកូ ដែលមានឈ្មោះពិតថា ហ៊ុន ផុល បានរៀបរាប់ទាំងសំឡេងក្ដុកក្ដួលថា កាលពីថ្ងៃទី១ ខែកុម្ភៈ ដើមឆ្នាំ២០១៧ ម្ដាយរបស់លោកដែលមិនទាន់មានវ័យជរានៅឡើយ មានការអស់កម្លាំងយ៉ាងខ្លាំង ហើយក៏ទិញភេជ្ជៈបាកាសយកមកហូបប៉ូវកម្លាំង ប៉ុន្តែក្រោយការទទួលទៀនបានតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកស្រីក៏គាំងបេះដូងស្លាប់តែមួយរំពេចក្នុងផ្ទះ ដល់ថ្នាក់កូនចៅ និងអ្នកជិតខាងដឹកយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅម្ដុំជិតផ្ទះនៅម្ដុំត្រាំខ្នារខេត្តតាកែវមិនទាន់។ លោកថាជារឿងរន្ធត់ខ្លាំងណាស់ ដែលម្ដាយរបស់ខ្លួនត្រូវស្លាប់ដោយគ្មានជំងឺណាមួយគួរអោយកត់សម្គាល់ទាល់តែសោះ ក្នុងពេលដែលម្ដាយរបស់លោកកាលពីពេលនៅរស់ក៏ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារចំពោះកូនៗទាំង៦យ៉ាងសំខាន់ ដែលលោកបានចាត់ទុកថាគឺជាជំហរដ៏ធំនៅក្នុងគ្រួសារ។ អ្វីដែលធ្វើអោយលោកកាន់តែរន្ធត់ចិត្ត និងតក់ស្លុតបំផុត គឺនៅថ្ងៃទី១៨ កុម្ភៈ ក្នុងឆ្នាំដដែល ក្រោយមរណភាពរបស់ម្ដាយលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ផ្ទះរបស់លោកទាំងមូល ក៏ត្រូវឆេះម៉ត់ ព្រោះតែទុស្សេខ្សែភ្លើង ក្នុងពេលគ្រួសាររបស់លោករវល់រឿងចេញរកលុយ។ ស្ថានភាពដែលបានកើតឡើង មិនត្រឹមតែធ្វើអោយបាត់បង់ម្ដាយជាទីស្រឡាញ់ និងផ្ទះដែលធ្លាប់កក់ក្ដៅប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ត្រូវបាត់បង់ឱកាសធ្វើជាតារាចម្រៀងដែលជោគជ័យម្នាក់តាមក្ដីស្រម៉ៃផងដែរ ព្រោះតែបាក់ទឹកចិត្តលែងចង់តស៊ូក្នុងអាជីព ស្របពេលដែលលោករវល់តែខូចចិត្ត យំសោកស្រណោះម្ដាយ និងសង្គេគខ្លួន ហើយលែងទទួលការងារណាមួយកើតអស់រយៈពេលច្រើនខែ។

លោកទើបតែទទួលច្រៀងក្នុងវង់អកកេសជាថ្មី ស្របគ្នាដែលផលិតកម្មចម្រៀងដែលលោកធ្លាប់ចូលកុងត្រា ក៏ត្រូវបិទទ្វារ និងបាត់ទំនាក់ទំនងពីក្រុមផលិតករដែលធ្លាប់ហៅសម្ដែង និងហៅអោយច្រៀងលើឆាកនានាប៉ុណ្ណោះ។ លោកអះអាងថា មុនពេលម្ដាយចែកឋាន លោកគ្រាន់តែជាតារាចម្រៀងមួយរូប ដែលប្រឹងរកលុយ ដើម្បីខ្លួនឯង និងរួមចំណែកតិចតួចផ្គត់ផ្គង់នៅក្នុងគ្រួសារប៉ុណ្ណោះទើបក្នុងពេលនោះលោកទទួលបានជោគជ័យខ្លាំងទាំងលើឆាកតន្ត្រី និងការបង្ហាញខ្លួនក្នុងចំណោមសិល្បករដ្បិតថាមិនដល់ថ្នាក់ហ៊ឺហារទាន់សម័យដូចតារាភាគច្រើន។ ប៉ុន្តែក្រោយការបាត់បង់ទាំងអ្នកម្ដាយ និងផ្ទះធំដុំដែលធ្លាប់រស់នៅ គឺលោកបានក្លាយជាបន្ទុកសម្រាប់គ្រួសារ ក្នុងពេលដែលក្នុងពេលនេះ ក៏គ្រួសាររបស់លោកមិនទាន់មានលទ្ធភាពរកលុយមកធ្វើផ្ទះបាននៅសមរម្យដូចដើមវិញដែរ គឺស្ថិតក្នុងសភាពបានត្រឹមតែមួយគេៗមិនខុសពីពាក្យចាស់ថា«ស៊ូស្លាប់បាកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំអោយតែភ្លើងឆេះផ្ទះ»នោះ។
លោក សេម ម៉ាកូ រំលឹកមហាទុក្ខរបស់ខ្លួនតាមរយៈកិច្ចសម្ភាសន៍តាមឆាតក្នុងអារម្មណ៍ដូចត្រូវគេដុតថា មុនពេលផ្ទុះរឿងអាក្រក់ក្នុងជីវិតលោកគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម Siekmin Production ដោយមានចម្រៀងផ្ទាល់ខ្លួនមួយបទក្រោមចំណងជើងថា«បងយំបងសើច»ចេញលក់ផងដែរ ខណៈដែលក្នុងពេលនោះការងារឡើងឆាក និងសម្ដែងរបស់លោកក៏មានសឹងមិនសូវបានសម្រាក។ លោកទើបតែបានទទួលការងារជាថ្មីស្របគ្នាដែលការងារទាំងនោះត្រូវបានជ្រុះបាត់ក្នុងរយៈពេលប្រមាណជាកន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយលោកត្រូវផ្ដើមពីសូន្យគឺតស៊ូច្រៀងក្នុងវង់អកកេសជាថ្មីដើម្បីបើកមុខក្នុងសិល្បៈ។ យ៉ាងណាមិញ លោកថាអះអាងថាខ្លួននឹងនៅតែប្រឹងតស៊ូនៅក្នុងសិល្បៈ ដោយបង្ហាញនូវក្ដីសង្ឃឹមថា នឹងមានផលិតកម្មណាមួយចូលច្រៀងផ្លូវការនោះផង៕

មតិយោបល់