ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់ Post Newsថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តចំនួន ៥គ្រឿង បុកបន្តកន្ទុយគ្នា មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងនោះ រថយន្តដឹកកម្មករចំនួន ៤គ្រឿង និង រថយន្តដឹកទឹកកក១គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រី ៣៥ នាក់។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០ និង២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6175 ដឹកទឹកកក មានទិសដៅពីខេត្តកំពត ឆ្ពោះមកខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញណ មុនពេលកើតហេតុរថយន្តដឹកទឹកកក អស់ប្រេងប្រាំង បានឈប់ចាក់ប្រេងប្រាំង នៅចំណុចស្មាច់ដែង រួចបន្តដំណើរទៅមុខ លុះដល់ចំណុចកើតហេតុ រថយន្តដឹកទឹកកក បម្រុងឡើងវ៉ាជែងរថយន្តដឹកកម្មករ តែឃើញមានឧបសគ្គមិនអាចទៅមុខរួច បានគេចចូលខាងវិញ បណ្ដាលឲ្យបុកពីខាងក្រោយរថយន្ត ១គ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AA-7657 ផ្លោងទៅបុកបន្តរថយន្តទី២ ម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2M-6306 ផ្លោងបុករថយន្តទី៣ ម៉ាក SSANGYONG ពណ៌ លឿង ពាក់ស្លាកលេខព្រះសីហនុ2A-5786 រួចផ្លោងបុកបន្តរថយន្តទី៤ ម៉ាក SSANGYONG ពណ៌ ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-4594 ។
គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យរងរបួសមនុស្សចំនួន ៣៥នាក់ ស្រី៣១នាក់៖
– របួសស្រាល ៣២ នាក់ ក្នុងនោះមាន៣០នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញចំនួន ១២នាក់ស្រី បន្ទប់ព្យាបាលគីយ៉ាដេត ២នាក់ (ស្រីម្នាក់) និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ១៨នាក់ (ស្រី ១៧ នាក់)។
- រងរបួសធ្ងន់បាក់ជើងចំនួន ៣នាក់ (ស្រីម្នាក់) បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេម្នាក់ (ស្រី) និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំនួន២នាក់(ប្រុស) ។
បច្ចុប្បន្នវត្ថុតាងរថយន្តចំនួន ៥គ្រឿង ត្រូវបានសមត្ថចុះវាស់វែង និងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់