ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ត្រូវការពង្រឹង សេវាមគ្គុទ្ទេសក៍ប្រកបដោយគុណភាព លំដាប់អន្តរជាតិ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការអបអរសាទរ និងបានថ្លែងទៅកាន់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍មកពីអាស៊ានថា ពេលវេលានេះ ដល់ពេលដែលយើងគួររួមគ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរពេញចិត្ត និងកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍អាស៊ាន និងការកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគត។

ខណៈជំនាញឯកទេសអន្តរជាតិ តម្រូវឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេវាកម្មមគ្គុទេ្ទសក៍ទេសចរណ៍ គឺតម្រូវឲ្យមានការយកចិត្តដល់គុណភាព ដោយត្រូវនាំគ្នាយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលអោយបានល្អ នៅតាមតំបន់គោលដៅ។

សេវាកម្មមគ្គុទ្ទេសក៍ និងការបកស្រាយពន្យល់បានផ្តល់នូវគោលបំណងយ៉ាងច្បាស់លាស់ សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាគោលដៅនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បើមគ្គុទ្ទេសក៍ទេសចរណ៍គ្មានគុណភាពទេ មានន័យថា យើងបានទុកភ្ញៀវរបស់យើងនៅគោលដៅទេសចរណ៍នានា ដោយទុកឲ្យពួកគេមិនបានយល់ដឹងពីគុណតម្លៃ និងគ្មានការបកស្រាយពន្យល់។

ដោយអាស៊ាន ក៏ដូចកម្ពុជាយើងកំពុងតែអភិវឌ្ឍខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស បើមិនដូច្នោះទេ យើងមិនអាចធ្វើឲ្យតំបន់របស់យើងក្លាយជាគោលដៅលំដាប់ពិភពលោកបានទេ។

ឯកឧត្តមបានជំរុញឲ្យត្រូវបន្តផ្តល់គុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពចម្បង នៃសន្តិភាព ស្ថិរភាព សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

ជាមួយគ្នានេះដែរ យើងត្រូវទាក់ទាញការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើង ក្នុងការផ្តល់គុណភាពសេវាកម្មប្រកបដោយគុណភាព រួមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេសចរ។

សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨,៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរអន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦,៧%៕

មតិយោបល់