ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ទៅជាឥន្ទនៈអេតាណុល នៅកម្ពុជា

ជប៉ុន បាននិងកំពុងផ្តោតលើការកែច្នៃដំឡូងមី ទៅជាឥន្ទនៈអេតាណុល នៅក្នុងប្រទេសកម្ពុជា ដែលនឹងចូលរួមដោះស្រាយបញ្ហាទីផ្សារដំឡូងមីនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងរ៉ែ និងថាមពល។

ក្រុមហ៊ុនជប៉ុន Idemitsu Kosan ដឹកនាំដោយ លោក Takatoshi Suzuki អគ្គនាយកផ្នែកថាមពលថ្មី និងកកើតឡើងវិញ បានបង្ហាញពី គោលបំណងរបស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា ដើម្បីកែច្នៃដំឡូងមីចម្រាញ់ឲ្យទៅជា ប្រេងឥន្ធនៈអេតាណុល។

កាលពីពេលថ្មីៗនេះ លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន បានជួបពិភាក្សាជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ផ្តោតលើគម្រោងអភិវឌ្ឍន៍ជម្រុញ ការប្រើប្រាស់ Bio-ethanol ដើម្បីផលិតជាសារធាតុល្បាយចំហេះ លាយជាមួយប្រេងឥន្ធនៈប្រើប្រាស់សម្រាប់ដំណើរការយានយន្ត។

ការអភិវឌ្ឍនេះ ផ្តល់នូវផលចំណេញពីយ៉ាង គឺបង្កើនទីផ្សារសម្រាប់កសិករដាំដំឡូងមី ព្រមទាំងកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ។

គម្រោងអភិវឌ្ឍន៍នេះ គ្រោងធ្វើឡើងនៅខេត្តបាត់ដំបង ដោយក្រុមហ៊ុនជប៉ុន ផ្តល់ផលប្រយោជន៍ដល់កសិករ តាមរយៈការអនុវត្តផលិតកម្មតាមកិច្ចសន្យា និងផ្គត់ផ្គង់តម្រូវក្នុងស្រុកផងដែរ។

រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញនូវឆន្ទៈគាំទ្រដល់សហគមន៍កសិកម្មកម្ពុជា តាមរយៈការជម្រុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកទេសកសិកម្មថ្មី ដែលធានានូវសុវត្ថិភាពកសិផល។

គួររម្លឹកដែរថា ក្រុមហ៊ុន SINGSONG Industrial (Cambodia) របស់ប្រទេសកូរ៉េ បានបោះទុនប្រមាណជា ៣០លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ហិកតា ស្ថិតក្នុងខេត្តក្រចេះផងដែរ៕

មតិយោបល់