ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ហុងកុង នឹងពង្រីកទំហំពាណិជ្ជកម្ម បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

កម្ពុជា និងហុងកុង បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត ដើម្បីនាំមកនូវអត្ថប្រយោជន៍រួមដល់សេដ្ឋកិច្ចរវាងភាគីទាំងពីរ ខណៈដែលទំហំពាណិជ្ជកម្មហុងកុងនៅកម្ពុជា ស្មើប្រមាណជា ២ភាគរយ នៃទុនវិនិយោគផ្ទាល់សរុបពីក្រៅប្រទេស។ នេះបើយោងតាមការលើកឡើងរបស់ លោក Edward Yau អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC កាលពីម្សិលមិញនេះ។

​លោក Edward Yau បានបញ្ជាក់ថា ប្រមុខអ្នកដឹកនាំហុងកុង នឹងខិតខំធ្វើយ៉ាងណាកៀរគរវិនិយោគិនហុងកុង ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង នៅក្នុងឆ្នាំ២០១៦ មានចំនួនជាង ៧៣០លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញ ទៅហុងកុងមានទឹកប្រាក់ ២១៣លានដុល្លារ និងនាំចូលពីហុងកុង មានទឹកប្រាក់ជាង៥១៦លានដុល្លារ។

លោកក៏បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទស្សនៈលើ វិស័យសេដ្ឋកិច្ចជាមួយកម្ពុជា ហើយនឹងឈ្វេងយល់ឱ្យបានច្បាស់ អំពីសក្តានុពលវិនិយោគសម្រាប់ អ្នកជំនាញផ្នែក វិស្វកម្មផងដែរ។

​យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការវិនិ​យោគ​របស់ហុងកុង​នៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មានចំនួន ២៥៧គម្រោង មានទុន​វិនិ​យោគសរុបប្រមាណ ១.៣៣ពាន់​លានដុល្លារអាមេរិក ស្មើនឹង ២.១៤ភាគរយនៃទុនវិនិយោគ​សរុ​ប​។

ដោយឡែកការវិនិយោគរបស់ហុងកុង ក្នុងឆ្នាំ២០១៧ មានជំនួន ១៣គម្រោង ក្នុង​វិស័​យ​កា​ត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងឧស្សាហកម្ម​ដទៃ​ទៀត ក្នុងទឹកប្រាក់​វិនិ​យោគ​ប្រ​​មាណ ៨៥លានដុល្លារអាមេរិក ស្មើនឹង ១.៦៤ភាគរយ នៃទុនវិនិយោគ​សរុប​ប្រចាំ ឆ្នាំ២០១៧។

គួរជម្រាបដែរថា បេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) ដែលធ្វើឡើងកាលពីម្សិលមិញនេះ មានភ្ញៀវកិត្តិយសប្រមាណជាង ៣០០នាក់ចូលរួម ដើម្បី​ស្វែង​រកឱកាស​សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។

សិក្ខាសាលា​នេះ បាន​សហការរៀបចំដោយ សមាគមពាណិជ្ជកម្ម​ហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែល​នឹង​ពិភាក្សា​សំខាន់​អំពី ឱកាស​សហការ​គ្នា​ក្នុង​ការ​ផលិត និង​ការ​វិនិយោគ មាន​ដូចជាផ្នែក​ហិរញ្ញវត្ថុ ធនាគារ និង​ហេដ្ឋារចនា​សម្ព័ន្ធ ការ​អភិវឌ្ឍន៍ និង​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម​សំខាន់ៗ​មួយចំនួនទៀត​។

ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និងជាតំបន់​ពាណិជ្ជកម្ម​រវាងចិន​ដីគោក​ អាស៊ី និង​ពិភព​លោក ​ហើយនៅ​ក្នុង​សិក្ខាសាលា​នេះ ​នឹង​​ពង្រឹង​បន្ថែម​ទៀត​ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ។

​តាមយរយៈ​មូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិត​របរបង់ពន្ធទាប ​កម្រិត​ខ្ពស់នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំង​បណ្ដាញអ្នកអភិវឌ្ឍ​ជាតិ និងអន្ដរជាតិ រួមជាមួយ​នឹង​លំហូរព័ត៌មានសេរី ចំពោះ​ទីផ្សារនៃការវិនិយោគទំនិញ​នានា ហុងកុងបាន​បង្កើត​ជា​ទម្រង់នៃ​បណ្ដុំ​ព័ត៌មាន​មូលធនចំពោះ​ការ​វិនិយោគ និង​ហិរញ្ញវត្ថុ សម្រាប់​អ្នក​វិនិយោគសកល។

ដោយសារកម្ពុជាជាមូលដ្ឋានផលិតកម្ម ដែលពេញនិយម​ សម្រាប់ឧស្សាហកម្ម​ផលិតកម្ម​បេសកកម្ម​នេះ​នឹងជួយ​ក្រុមហ៊ុន​កម្ពុជា​ និងហុងកុង​ពិនិត្យមើល​ លទ្ធភាព​នៃការ​សហការ​ផលិតកម្ម​ និង​ការ​ពង្រីក​​ផលិត​កម្ម​តាម​រយៈ​ការធ្វើ​សន្និសីទ​សារព័ត៌​មាន​កិច្ច​ប្រជុំ​ពាណិជ្ជ​កម្ម​ និងដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស៕

មតិយោបល់