ព័ត៌មានសេដ្ឋកិច្ច

អគាររដ្ឋបាលថ្មី នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនវិស័យឯកជន សំដៅឆ្លើយតបគោលការណ៍នៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីពិធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលថ្មី​នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងបានកោតសរសើររដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ គណ:កម្មាធិការបច្ចេកទេស និងវិស័យឯកជន ដែលសហការសាងសង់អគាររដ្ឋបាលថ្មីនេះឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាព និងសមិទ្ធផលដ៏មានសារ:សំខាន់ សម្រាប់ខេត្តដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

«អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មនេះ នឹងបង្ហាញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្តព្រះវិហារ ដំណាលគ្នានឹងវិស័យផ្សេងៗទៀត ដែលកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍជាលំដាប់» ។

លើសពីនេះ ឯកឧត្តម​រដ្ឋ​មន្ត្រី​ក៏បានបង្ហាញជំនឿថា អគាររដ្ឋបាលថ្មីនេះ នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ព្រមទាំងរួមចំណែកលើកស្ទួយប្រសិទ្ធភាពការផ្តល់សេវាសាធារណ: នៅក្នុងខេត្តព្រះវិហារផងដែរ។

យោងតាមរបាយកាណ៍មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ បានឲ្យដឹងថាអគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានកម្ពស់ ១ជាន់ និងមានទំហំសរុប ៥៤៤ម៉ែត្រការ៉េ បានប្រើពេលវេលាសាងសង់ប្រមាណជាង ៦ខែ។

អគារនេះ មានបំពាក់ទៅដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ិនធើណេតល្បឿនលឿន ហើយចែកចេញជា ១២បន្ទប់ រួមមាន៖ សាលប្រជុំ ១ បន្ទប់ទទួលភ្ញៀវ ១ ការិយាល័យធ្វើការ ៨ ឃ្លាំង ១ និងបន្ទប់ទឹក ១៕

មតិយោបល់