បន្លែ ៣មុខ ដែលនាំចូលពីវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ ត្រូវបាន រថយន្តពិសោធន៍ចល័តរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញថា មានផ្ទុកសារធាតុគីមី គឺជាប្រភេទថ្នាំសម្លាប់សត្វល្អិត។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ។
លោកបានបន្តឲ្យដឹងថា បន្លែទាំង ៣ប្រភេទនោះ រួមមាន ផ្លែម្ទេស ស្លឹកកាចាយ និងស្លឹកខ្ទឹម ដែលមានជាប់កាកសំណល់ថ្នាំបាញ់សម្លាប់សត្វល្អិត ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជាពិសេសធ្វើឲ្យថប់ដង្ហើម និងរលាកបំពង់ក។
បន្លែទាំង ៣មុខនេះ នឹងត្រូវបញ្ឈប់លែងឲ្យនាំចូលទៀត លុះត្រាតែមានឯកសារបញ្ជាក់ច្បាស់លាស់ពីប្រភពនៃការនាំចូល និងឆ្លងកាត់ការត្រួតពិនិត្យដោយរកមិនឃើញសារធាតុគីមី។
គួររម្លឹកដែរថា ក្នុងខែមករា ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានរឹបអូសផលិតផលម្ហូបអាហារខូចគុណភាព និងមានដាក់សារធាតុគីមីទាំងការនាំចូលតាមច្រកព្រំដែន និងការចុះត្រួតពិនិត្យនៅលើទីផ្សារទូទាំងប្រទេស ចំនួន ២.៥តោន៕
មតិយោបល់