ព័ត៌មានសេដ្ឋកិច្ច

ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៧ ទទួលបានលទ្ធផលលើសពីការរំពឹងទុក

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ បានរៀបចំពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៧ នឹងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក។

ក្នុងពិធីសិក្ខាសាលាបូកសរុប និងវាយតម្លៃ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០១៧ លោក ឃឹម ប៊ុនឡែន សហប្រធានគ្រប់គ្រងគម្រោង CYEA ២០១៧ បានឲ្យដឹងថា កម្មវិធីនេះ ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក គឺជោគជ័យលើការបង្កើតពានរង្វាន់ថ្មីគឺ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង សម្រាប់អាជីវកម្មបង្កើតថ្មី និងការចូលរួមដ៏ច្រើនពីសំណាក់ភ្ញៀវកិត្តិយស ដែលសុទ្ធសឹងជា សហគ្រិន។

ជាដំបូងឡើយ ការប្រកួតនេះ គ្រោងធ្វើឡើងនៅតាមបណ្តាខេត្តធំៗចំនួន ៥ តែជាក់ស្តែង គឺបានទៅដល់តែ ២ខេត្តប៉ុណ្ណោះ គឺខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយសារពេលវេលាមិនគ្រប់គ្រាន់ និងមិនមានបណ្តាញព័ត៌មាន។

លោក លីម សុជាតិ អនុប្រធានសមាគមសហគ្រិនវ័យក្មេង បានឲ្យដឹងថា ពានរង្វាន់នីមួយៗ គឺមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់ជ័យលាភី ព្រោះវាជាកិត្តិយស​ ជាទំនុកចិត្ត និងជានុយសម្រាប់ការស្វែងរកដៃគូអាជីវកម្ម ក៏ដូចជាការបង្ហាញពីភាពលេចធ្លោរបស់ សហគ្រិនវ័យក្មេង។

ក្រៅពីនោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានបង្កើតឲ្យមាន CYEA Alumni ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ឲ្យកាន់តែប្រសើរឡើង ព្រមទាំងមានការបង្កើតឲ្យមានមូលនិធិ CYEA ដើម្បីធ្វើការងារសង្គមជាមួយគ្នាទៀតផង។

គួរជម្រាបដែរថា ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ ២០១៧ គឺជាលើកទី ៣ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំឡើង ក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់ បណ្តាសហគ្រិនវ័យក្មេង ឲ្យចូលរួមប្រកួតជាលក្ខណៈថ្នាក់ជាតិ៕

 

មតិយោបល់