ព័ត៌មានសេដ្ឋកិច្ច

គម្រោងទីក្រុង Empire World តម្លៃ ២០០លានដុល្លារ នឹងអភិវឌ្ឍ នៅខេត្តស្វាយរៀង

គម្រោងអភិវឌ្ឍន៍ទីក្រុង Empire World តម្លៃជាង ២០០លានដុល្លារអាមេរិក នឹងបង្ហាញវត្តមាន នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

គម្រោងទីក្រុងថ្មីនេះ នឹងអភិវឌ្ឍឡើងលើផ្ទៃដីទំហំ ៥០ហិកតា ប្រើរយៈពេល ១០ឆ្នាំ ក្នុងការបញ្ចប់គម្រោង ដែលដំណាក់កាលសាងសង់ទី ១ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៩ខាងមុខ។

ទីក្រុង Empire World ត្រូវបានវិនិយោគដោយក្រុមហ៊ុន Empire World ដែលសហការវិនិយោគដោយ វិនិយោគិនចិន វៀតណាម និងម៉ាឡេស៊ី រួមមានការបង្កើតជា សណ្ឋាគារ កាស៊ីណូ ផ្សារទំនើប និងក្លឹបហាត់ប្រាណ។

ការជ្រើសរើសយកទីក្រុងបាវិត សម្រាប់គម្រោងនេះ គឺដោយសារតំបន់នេះ មានសក្តានុពលខ្ពស់ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរវៀតណាម។

គួរជម្រាបដែរថា គម្រោងទីក្រុង Empire World នឹងជួយលើកកម្ពស់ប្រជាជនក្នុងតំបន់បាវិត ដោយផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ពាន់កន្លែង៕

មតិយោបល់