ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានសម្រេចនូវវឌ្ឍនភាពគួរឱ្យភ្ញាក់ផ្អើលក្នុងមួយរយៈពេលភាគបួនទសវត្សរ៍កន្លងមកនេះ។
កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ បានរួមចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្ដូរនេះ។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្នុងនាមជាមធ្យោបាយ ដើម្បីជួយលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ រវាងប្រទេសជាសមាជិកទាំងប្រាំមួយ គឺកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កម្មវិធីនេះបានបង្កើតនូវវេទិកាមួយ សម្រាប់ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបានកៀរគរថវិកាជិត ២១ ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់។
ការវិនិយោគដោយផ្ទាល់ពីបរទេស មកក្នុងអនុតំបន់នេះបានកើនឡើង ១០ដង ហើយពាណិជ្ជកម្មរវាងប្រទេសនានាក្នុងតំបន់នេះ បានកើនឡើងពី ៥ពាន់លានដុល្លាររហូតដល់ជាង ៤១៤ពាន់លានដុល្លារ។
ប្រទេស GMS ក៏ស្ថិតនៅចំផ្លូវប្រសព្វគ្នា រវាងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ មានន័យថា ប្រទេសទាំងនេះអាចទទួលបានប្រយោជន៍ពីកំណើន ដែលកំពុងមានសន្ទុះកើនឡើងខ្លាំងនៅអាស៊ីខាងត្បូង។
ភាពប្រកួតប្រជែងនៃអនុតំបន់នេះ កំពុងមានសន្ទុះកើនឡើង តាមរយៈការបន្តខិតខំប្រឹងប្រែងសម្រួលលំហូរការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្ម ការបង្កើនការនាំចេញកសិផល និងការលើកកម្ពស់មហាអនុតំបន់ទន្លេមេគង្គឱ្យក្លាយជាទិសដៅទេសចរណ៍តែមួយ បន្ទាប់ពីអនុតំបន់នេះបានទទួលចំនួនភ្ញៀវទេសចរណ៍ ៦០ លាននាក់ក្នុងឆ្នាំ ២០១៦ ជាចំនួនដែលមិនធ្លាប់មានកន្លងមក។
សម្លឹងទៅមុខ អាទិភាពសំខាន់ គឺត្រូវបន្តកាត់បន្ថយការិយាធិបតេយ្យ និងលុបបំបាត់ឧបសគ្គសេសសល់ ដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។
ប្រទេស GMS បានកំណត់នូវគម្រោងថ្មី ចំនួន ២២៧ គម្រោង ដែលមានតម្លៃ ៦៦ ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌវិនិយោគថ្នាក់តំបន់ GMS ២០១៨-២០២២។ គម្រោងទាំងនេះនឹងពង្រីកវិបុលភាពសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ និងថាមពលឆ្លងដែន។
ក្នុងនាមជាលេខាធិការដ្ឋាននៃកម្មវិធីនេះ ចាប់តាំងពីពេលដែលកម្មវិធីនេះត្រូវបានបង្កើតដំបូងមក ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដល់ថវិកា ៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ទៀត សម្រាប់គម្រោងជាច្រើន ដែលគាំទ្រដល់ការដឹកជញ្ជូន ទេសចរណ៍ ថាមពល ការកាត់បន្ថយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សង្វាក់តម្លៃ កសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។ ថវិកានេះ ជាថវិកាបន្ថែមពីលើថវិកា ៨ ពាន់លានដុល្លារ ដែល ADB ផ្ដល់ជាហិរញ្ញប្បទានកន្លងមកសម្រាប់កម្មវិធីនេះ។
GMS នឹងទទួលបានប្រយោជន៍ពីការពង្រឹងភាពជាដៃគូជាមួយនឹងវេទិកាសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់សកលដទៃទៀត ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។
ភាពជាដៃគូជាមួយវិស័យឯកជន ក៏រឹតតែមានសារៈសំខាន់ថែមទៀត ហើយយើងទាំងអស់គ្នារីករាយ ដែលសង្កេតឃើញថា ភាពជាដៃគូនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈក្រុមប្រឹក្សាធុរកិច្ច GMS គំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វេទិកាទេសចរណ៍ និងកសិកម្ម GMS និងសន្និសីទវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលទើបត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ៕

មតិយោបល់