ព័ត៌មានសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសផ្តល់កម្ចីសង្គ្រោះស្រូវ និងពោត ដោយគ្មានការរើសអើង

ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសផ្តល់ឥណទានពិសេស ដើម្បីសង្រ្គោះស្រូវ និងពោត ដោយមិនរើសអើង និងមិនចំពោះ នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលចំនួន ២៧លានដុល្លារ សម្រាប់ប្រើប្រាស់ជា ឥណទានសម្រាប់វិស័យស្រូវ នឹងត្រូវប្រើប្រាស់ ដើម្បីសង្គ្រោះដល់ វិស័យពោត ផងដែរ។

ធនាគារអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់គោលការណ៍ដូចគ្នាទៅនឹង យន្តការស្រូវដែរ ពោលគឺ ផ្តល់កម្ចីដល់ អ្នកទិញពោត ដោយយកពោត ធ្វើជាវត្ថុបញ្ចាំ ខណៈអត្រាការប្រាក់គឺ ៥ភាគរយក្នុងមួយឆ្នាំ។

មូលនិធិដែលសល់ពីវិស័យស្រូវ អាចប្រើប្រាស់លើវិស័យពោតសិន ព្រោះរដូវប្រមូលផលខុសគ្នា ហើយមូលនិធិនេះ អាចអនុវត្តក្រោយកិច្ចប្រជុំអនុម័តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃនេះ។

លើសពីនេះទៅទៀត មូលនិធិពិសេសនេះ អាចកើនដល់ ៥០លានដុល្លារអាមេរិក ហើយក៏មានផ្តល់ជា ឥណទានវិនិយោគសម្រាប់កម្ចីសាងសង់ សៃឡូ ឡសម្ងួត ឃ្លាំង អាចមានរយៈពេលចាប់ពី ៥ ទៅ ៧ឆ្នាំ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងដែរថា បញ្ហាតម្លៃពោតធ្លាក់ចុះ គឺដោយសារ ធាតុអាកាសមានសំនើមខ្លាំង បណ្តាលឲ្យពោតសម្ងួតមិនស្ងួតល្អ ស្របពេលដែលប្រទេសជិតខាង ក៏ប្រមូលផលដូចគ្នា ហើយតម្លៃលើទីផ្សារអន្តរជាតិ ចុះថ្លៃព្រមគ្នា។

បញ្ហារយៈពេលមធ្យម-វែង ត្រូវដោះស្រាយតាមរយៈ ការសាងសង់សៃឡូ ឡសម្ងួត ឃ្លាំង ដើម្បីស្តុកទុកពោត មួយរយៈ និងយកទៅលក់នៅទីផ្សារដែលមានតម្លៃ។

ជាពិសេសជាងនេះ គឺត្រូវពង្រឹងសមាគម ទាំងការដាំដុះ និងលក់ដូរ ឲ្យមានផលិតភាពខ្ពស់ និងដោះស្រាយបញ្ហាកកស្ទះទីផ្សារដោយមានប្រសិទ្ធភាព តាមរយៈ Contract Farming រវាងអ្នកទិញ និងអ្នកលក់ ដើម្បីបង្កើនការទុកចិត្ត៕

មតិយោបល់