ការយល់ព្រមផ្លាស់ចេញយ៉ាងឆាប់រហ័ស របស់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ស្រឡះ Zlatan Ibrahimovic ដោយមិនទាប់ចប់កុងត្រាស្រួលបួលផង នោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនបានកើតឡើង។
ជាការពិតណាស់ កីឡាករជាច្រើនត្រូវរង់ចាំដល់រដូវក្តៅសិន ទើបអាចចុះកុងត្រា ឬសម្រេចចិត្តទៅចូលរួមពេញលក្ខណះ ជាមួយក្លិបថ្មីបាន ក៍ប៉ុន្តែ Zlatan Ibrahimovic វិញ មិនរង់ចាំឡើយ ដោយកីឡាករវ័យចំណាស់ស៊ុយអ៊ែតរូបនេះ សម្រេចផ្លាស់ទៅកាន់ LA Galaxy មុនរដូវក្តៅទៅទៀត។ ទាក់ទងនឹងបញ្ហានេះដែរ បើតាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថា ការចាកចេញពី Old Trafford លឿនបែបនេះ ដោយសារតែ Zlatan Ibrahimovic មិនពេញចិត្តជាមួយក្រុមបីសាចក្រហម Manchester United ។
ក្រុមគ្រូពេទ្យ ដែលបានព្យាបាលរបួសកីឡាកររូបនេះ បាននិយាយថា៖ Zlatan បានប្រាប់កាលពីអំឡុងពេលវះកាត់ថា បើ Man Utd ធ្វើមិនបានល្អ នៅ Champion League ពោលគឺជ្រុះចេញពី Champion League រូបគេនឹងមិនបន្តវត្តមាននៅ Old Trafford ទៀតឡើយ។ ជាក់ស្តែងណាស់ រឿងនេះ បានកើតឡើងមែន ពោល Zlatan បានសម្រេចចិត្តផ្លាស់ទៅកាន់ក្រុម LA Galaxy ដោយទទួលបានតម្លៃពលកម្ម ១លានដុល្លាកន្លះ រយៈពេល១ឆ្នាំ បន្ទាប់ពីក្រុមបីសាចក្រហម Manchester United ជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Sevilla ។
Zlatan Ibrahimovic បានមកចូលរួមជាមួយ Man Utd ជិត២រដូវកាលកន្លងមកហើយ តែរដូវកាលមុនកីឡាកររូបនេះ ញ៉ាំញីដោយសាររបួសជាច្រើនខែ ជាហេតុធ្វើឲ្យកីឡាកររូបនេះ ធ្លាក់កូដយ៉ាងខ្លាំង ខណៈការផ្លាស់ទៅលេងនៅអាមេរិក គឺជាឱកាសចុងក្រោយនៃអាជីពបាល់ទាត់របស់ Zlatan Ibrahimovic ហើយ។




មតិយោបល់