ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន ឈ្វេងយល់កាន់តែទូលំទូលាយអំពី វិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និងយន្តការដែលពាក់ព័ន្ធ។
នាឱកាសនោះ ក៏មានការដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និងកម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញ ឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ។
សាធារណជន អាចធ្វើការឈ្វេងយល់ពីទិន្នន័យទីផ្សារ វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា ព្រឹត្តិការណ៍នានារបស់ទីផ្សារ ព័ត៌មានអំពីក្រុម ហ៊ុនចុះបញ្ជី ដែលរួមមានរបាយការណ៍ហិរញ្ញវត្ថុ ព័ត៌មានសាជីវកម្ម ការបែងចែកភាគលាភ ក៏ដូចជាចូលរួមចែលរំលែកក្នុងការពិភាក្សាលើ ប្រធានបទផ្សេងៗ អំពីការវិនិយោគផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារភាគហ៊ុនកម្ពុជា បានឱ្យដឹងថា ពិធីពិព័រណ៍នេះត្រូវបាន ចូលរួមសហការឧបត្ថមដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិតភីអិលស៊ី, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រ យាន់តា ស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រកម្ពុស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រ ហ្គោលដេនហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី, ផាកកាហ្វេ និងកាសែតឡារ៉ែនពាណិជ្ជ។
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានេះបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ជាលើកទី ៣នេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមជាគណៈអធិបតីដោយឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕
មតិយោបល់