ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា រំពឹងទទួលបានអ្នកវិនិយោគអាល្លឺម៉ង់ ច្រើនបន្ថែមទៀត មកវិនិយោគនៅកម្ពុជា

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបង្ហាញក្ដីរំពឹងថា កម្ពុជានឹងមានឱកាសអាចបង្ហាញ នូវសក្ដានុពលវិនិយោគទៅដល់ក្រុមហ៊ុនធំៗ និងអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈដែលឯកឧត្តម នឹងអញ្ជើញចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំ អាស៊ី-ប៉ាស៊ីហ្វិក នាពេលខាងមុខ។

​ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

​ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការសុំជួប ឯកឧត្តមរដ្ឋមន្រ្ដីនាពេលនេះ គឺដើម្បីអញ្ជើញឯកឧត្តម ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមបានលើកឡើងថា នេះជាកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាស មួយដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយ ពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើននៅមិន ទាន់បានយល់ច្បាស់។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ដទៀតថា សន្និសីទនេះក៏អាចជាវេទិកា មួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា និងអាល្លឺម៉ង់ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

​ជាកិច្ចឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ទទួលយកការអញ្ជើញនេះ ដោយឯកឧត្តមយល់ថា សន្និសីទនេះ មានសក្ដានុពលច្រើន ក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។

ឯកឧត្តមបានអះអាងថា ប្រទេសអាល្លឺម៉ង់ ជាប្រទេសឧស្សាហកម្មធំមួយក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ។

ឯកឧត្តមរំពឹងថា ការចូលរួមក្នុងសន្និសីទនេះ នឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព មួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់ មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់រថយន្ត និងវិស័យផ្សេងៗ ទៀត៕

មតិយោបល់