ព័ត៌មានជាតិ

រថយន្តBMW ស្លាកលេខភ្នំពេញ2AH-1088 បើកបំពានភ្លើងស្តុប បុកឡិចសុីសវិល១ជុំ!

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បានបើកក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តឡិចសុីស៣០០ ពីចំហៀងបណ្តាលឲ្យរថយន្តឡិចសុីសវិលមួយជុំ រងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបរតនាស្រីម៉ៅ តាមបណ្តោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីសRX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7873 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដោយសញ្ញាស្តុបខៀវ ទើបបន្តបើកទៅមុខទៀត ស្រាប់តែមានរថយន្តស៊េរីទំនើប ម៉ាកBMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-1088 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយបំពានភ្លើងស្តុប ជ្រុលបុករថយន្តឡិចសុីសពីចំហៀងពេញទំហឹង វិលមួយជុំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដលបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់