សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា សាលាក្រុងភ្នំពេញ បានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ «មិនបង់ថ្លៃ» ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨ តាមផ្លូវជាតិចំនួន ៥ខ្សែ។
សម្តេចបានរម្លឹកថា «កាលពីឆ្នាំមុនៗ ខ្ញុំបានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនានានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ធភាពទេ។ ដូច្នេះហើយ បានជាពេលនេះ ខ្ញុំបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ មិនបង់ថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។»
ប៉ុន្តែថ្ងៃនេះ សម្តេចសូមប្រកាសថា បានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃនៅតាមផ្លូវជាតិមួយចំនួនដូចជា៖ ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដែរ នៅឆ្នាំក្រោយ អាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត៕
មតិយោបល់