ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកផ្កាភ្លើង ជុំវិញ ករណី ម៉ៃ សុគន្ធ និង ក្មេងខ្មែរ

ថ្មីដ្បិតតែក្រុមក្មេងខ្មែរ បានចេញចម្រៀងមួយបទក្រោមចំណងជើងថា«កំលោះទាំង៣» ទទួលបានការចាប់អារម្មណ៍ ប៉ុន្តែក៏រងការរិះគន់ខ្លាំងដែរ ពីអ្នកលេងហ្វេសប៊ុក ដោយសារតែក្នុងបទនោះត្រូវគេចោទថាជាបទបែបអាវ៉ាសែ។ មានការកត់សម្គាល់ថាក្រុមដែលធ្លាប់ខ្ទរខ្ទារដោយចម្រៀងបទ«បុណ្យភូមិ»មួយនេះ មិនសូវលោតខ្លាំងដូចអំឡុងពេលនោះទេ ចាប់តាំងពីបែកធ្លាយថាក្រុមក្មេងខ្មែរ បានទិញសាច់ភ្លេងពីថៃហើយយកច្នៃធ្វើជាOriginal Song ផ្ទាល់ខ្លួន ក្រោមការទម្លាយចេញរបស់លោក ម៉ៃ សុគន្ធ។ ករណីមួយនេះ ត្រូវគេឃើញអ្នកគាំទ្ររបស់តារាចម្រៀងទាំង២ក្រុមផ្ទុះជម្លោះដាក់គ្នាទៅវិញទៅមក ឡើងផ្អើលសង្គមហ្វេសប៊ុកនាពេលនេះផង។

បទចម្រៀងដែលរងការរិះគន់នេះ ត្រូវគេឃើញលោក ម៉ៃ សុគន្ធ សរសេរបង្ហោះថា«Original Song សម័យនេះ ខ្មែរអើយខ្មែរ ការបើកបរនៅលើផ្លូវជាតិមិនប្រើមួកសុវត្ថិភាព ហើយជិះគ្នា៣នាក់ទៀត មើលទៅអាវ៉ាសែម្មង រីឯឈ្មោះប្រើសុទ្ធតែពាក្យថាខ្មែរ តែអាក្មេង២នាក់នេះ បើមើលសក់ក្បាលដូចមមីសបារាំងអាលូត សួរថាសក់កូនខ្មែរចឹងមែន? រីឯចំរៀងវិញ ចង្វាក់Hip Hop យកទៅរាំមិនដឹងចង្វាក់អី សារ៉ាវ៉ាន់មិនចំសារ៉ាវ៉ាន់ តាលុងក៏មិនត្រូវ ម៉ាឌីហ្សូនក៏ខុស រាំវង់វិញក៏ភ្លាវ ខូចអស់ហើយចង្វាក់ខ្មែរ ចង់ដឹងថា តើវាជាចង្វាក់អីហ្អា»។ អមដោយការរិះគន់របស់លោក ម៉ៃ សុគន្ធ គេឃើញអ្នកលេងហ្វេសប៊ុកក៏ផ្ដើមការរិះគន់នូវបទចម្រៀងនេះ និងស្ទីលដែលក្រុមក្មេងខ្មែរបានផលិតនៅក្នុងបទនេះ យ៉ាងច្រើនផុសផុលផងដែរ ដោយការផុសមុនដំបូងរបស់លោក ម៉ៃ សុគន្ធ ត្រូវអ្នកលេងហ្វេសប៊ុកចែកចាយរហូតដល់រាប់ខេ។ ប៉ុន្តែចុងក្រោយការរិះគន់ដ៍រសើបចំក្រុមក្មេងខ្មែរនោះត្រូវបានក្រុមហ៊ុនហ្វេសប៊ុកប្លុកចេញ ខណៈដែលការផុសជាថ្មីរបស់លោក ម៉ៃ សុគន្ធ មុននេះ ក៏មានអ្នកចែកចាយ និងអ្នកគន់ច្រើនផងដែរ។ ទន្ទឹមនឹងមានការជេរប្រទេចថា លោកម៉ៃ សុគន្ធ ថាជាកំពូលអ្នកទើស ព្រោះតែគ្មានស្នាដៃនៅក្នុងសិល្បៈប្រកួតប្រជែងនឹងក្មេងខ្មែរបាន ប៉ុន្តែក៏មានអ្នកលេងហ្វេសប៊ុកមិនតិចនាក់ផងដែរ ថាក្មេងខ្មែរជាក្រុមបំពុលសង្គម និងថាតាំងពីមានវត្តមានរបស់ក្រុមនេះ និងតារាចម្រៀងបែកស្លុយផ្សេងទៀត បានធ្វើសិល្បៈវប្បធម៌ខ្មែរច្របូកច្របល់។

លោក ម៉ៃ សុគន្ធ នៅតែអះអាងថាមិនខ្វល់អ្នកនាងជេរប្រមាថនោះទេ តែអ្វីដែលលោកឃើញទើស លោកនឹងចេញមុខដោយចំហរ ដើម្បីឲ្យតារាចម្រៀងមួយចំនួនមើលឃើញពីតម្លៃនៃសិល្បៈខ្លះ ហើយកាត់បន្ថយ ឬផ្អាកចោលការផលិតទម្រង់ចម្រៀងដែលធ្វើឲ្យប៉ះពាល់ចង្វាក់បប្រពៃណីខ្មែរកាន់តែច្រើន។ លោកថាខ្លួនគឺជាតារាយុវវ័យ តែលោកមិនគាំទ្រឲ្យយុវវ័យផលិតបទបែកស្លុយ ដើម្បីបង្វក់សង្គមខ្មែរ ឲ្យភ្លេចចង្វាក់ប្រពៃណីរបស់ខ្លួនទេ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរតែម្ដង។ លោកថាសប្បាយចិត្ត ដែលមានអ្នកយល់ដឹងច្រើនឡើង ចេញមុខរិះគន់បទចម្រៀងបែកស្លុយ ហើយងាកមកគាំទ្រចង្វាក់ប្រពៃណីខ្មែរឡើងវិញ ហើយលោកក៏មានវិធានការលើការផលិតបទចម្រៀងបែកស្លុយដែលមិនសមទំនងធ្វើឲ្យប៉ះពាល់ដល់វិស័យចម្រៀងខ្មែរ ពីសំណាក់ក្រសួងពាក់ព័ន្ធផងដែរ៕
https://www.youtube.com/watch?v=JJyzo7K-wOs

មតិយោបល់