ព័ត៌មានសេដ្ឋកិច្ច

ចិន បង្ហាញលទ្ធភាពសាងសង់ផ្លូវរថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន

ក្រុមហ៊ុនចិន CRCC 17th បានបង្ហាញពីលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន បន្ទាប់ពីបានបញ្ចប់ការសិក្សាជាបឋម រយៈពេល ៦ខែកន្លងនេះ។ នេះបើយោងតាម គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃនេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គិត ម៉េង ប្រធានសភាពពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Lu Peng ប្រធានក្រុមប្រឹក្សានៃ ក្រុមហ៊ុន CRCC 17th បានបង្ហាញពី លទ្ធផលនៃការសិក្សាបឋមលើគម្រោងនេះ នឹងស្នើសុំការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងវិនិយោគផ្លូវរថភ្លើងថ្មីនេះ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានគាំទ្រលើគម្រោងនេះ នឹងស្នើឲ្យក្រុមហ៊ុនពិនិត្យ និងសិក្សាបន្ថែមពីលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគលើ គម្រោងផ្លូវដែកនៅកម្ពុជា តាមរបៀប BOT (Build Operation Transfer) និងលើកសំណើមកវិញពី តម្រូវការនានាសម្រាប់កិច្ចសហប្រតិបត្តិការនេះ។

គួររំលឹកដែរថា ផ្លូវដែកចាប់ពីភ្នំពេញ ដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តជួសជុល និងសាងសង់ផ្លូវដែក រហូតដល់ទីរួមខេត្តបាត់ដំបង និងរហូតដល់ស្ថានីយ៍រថភ្លើងភ្នំពេញផងដែរ៕

មតិយោបល់