ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល ៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់ មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។
ដោយគាំទ្រប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។
សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ១លាននាក់។
ក្រសួងទេសចរណ៍បានផ្តល់អាជ្ញាបណ្ណដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមប្រភេទនីមួយៗ រួមមាន៖ Outbound Tour Operators ៥២ក្រុមហ៊ុន, Inbound Tour Operators ៤៩២ក្រុមហ៊ុន, Domestic Tour Operators ៤១ក្រុមហ៊ុន និង Travel Agent ២៣១ក្រុមហ៊ុន។
កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមមាន ការជម្រុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌូនេស៊ីផងដែរ។
លោក Luhut Binsar Pandjaitan នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ឡៃអិន របស់ឥណ្ឌូនេស៊ីដើម្បីជំរុញអោយមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជានៅពេលខាងមុខ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ពីឥណ្ឌូនេស៊ី មកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី នោះសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងខ្លាំង ហើយបើអាចធ្វើបានកាន់តែលឿន គឺកាន់តែល្អ ព្រោះវាអាចលើកស្ទួយកិច្ចសហប្រតិបត្តការវរាងប្រទេសទាំងពីរផង និងដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផង។
យ៉ាងហោចណាស់មាន ភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ មកកម្សាន្តនៅ កម្ពុជា ជារៀងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅឥណ្ឌូនេស៊ី មានប្រមាណ ៥ពាន់នាក់៕
មតិយោបល់