របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ត្រូវបានគេរំពឹងទុកថានឹងបន្តរក្សាភាពរឹងមាំដដែល ហើយកំណើននេះនឹងមានដល់ទៅ ៦.៣ភាគរយ ក្នុងឆ្នាំ២០១៨។
ការរំពឹងទុកថាសេដ្ឋកិច្ចសាកលលោក នឹងបន្តងើបឡើងទូលំទូលាយ ហើយតម្រូវការប្រើប្រាស់ក្នុងស្រុកនឹងនៅតែរក្សាបានភាពរស់រវើក ដែលជាមូលដ្ឋាននាំឱ្យមានការប្រមើលអនាគតនៃសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមានបែបនេះ។
យ៉ាងណាក៏ដោយ ហានិភ័យកំពុងកើតឡើងថ្មីៗចំពោះស្ថិរភាព និងកំណើនប្រកបដោយចីរភាព តម្រូវឱ្យមានការយកចិត្តទុកដាក់ឱ្យបានដិតដល់។
របាយការណ៍ដែលមានចំណងជើងថា «បង្កើនសក្តានុពល» (Enhancing Potential) ជាការចេញផ្សាយខែមេសា ឆ្នាំ២០១៨ នៃ បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពលោក ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានគូសបញ្ជាក់ថា បើទោះជាមានការរំពឹងទុកល្អក៏ដោយ អ្នកធ្វើគោលនយោបាយនៅក្នុងតំបន់យកល្អគួរតែទទួលស្គាល់ហើយរកវិធីលៃលកដោះស្រាយជាមួយបញ្ហាប្រឈមនានាដែលកំពុងតែលេចឡើង។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «កំណើនដែលរីកចម្រើនខ្លាំងនេះបានជួយឱ្យតំបន់នេះទទួលបានផលចំណេញធំធេងក្នុងការកាត់បន្ថយភាពក្រីក្រតោកយ៉ាក។ ដើម្បីរក្សាភាពជោគជ័យនេះ ហើយបង្កើនការរំពឹងទុកល្អសម្រាប់មនុស្សមួយភាគធំក្នុងចំណោមប្រជាជនដែលមិនទាន់មានសន្តិភាពផ្នែកសេដ្ឋកិច្ចនៅឡើយ គេចាំបាច់ត្រូវតែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលវែងឆ្ងាយមួយ»។
ក្រោយពីមានកំណើនលឿនហួសពីការរំពឹងទុកនៅក្នុងឆ្នាំ២០១៧កន្លងមក សេដ្ឋកិច្ចប្រទេសចិនត្រូវបានរំពឹងទុកថានឹងថយល្បឿនបន្តិចមកវិញមកនៅត្រឹម ៦,៥ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែសេដ្ឋកិច្ចនេះបន្តបង្វែរទិសរបស់ខ្លួនពីការធ្វើវិនិយោគឆ្ពោះទៅរក ផ្នែកតម្រូវការប្រើប្រាស់ក្នុងស្រុកវិញ តាមរយៈគោលនយោបាយដែលផ្តោតកាន់តែច្រើនទៅលើការបន្ថយការពង្រីកឥណទាន ហើយងាកមកបង្កើនគុណភាពរបស់កំណើនវិញ។
ក្រៅពីប្រទេសចិន កំណើនក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ត្រូវបានគេរំពឹងទុកថានឹងនៅថេរត្រឹម៥,៤ភាគរយ ក្នុងឆ្នាំ២០១៨ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការបន្តមានតម្រូវការខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។
កំណើនក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ត្រូវបានគេរំពឹងទុកថានឹងមានភាពរឹងមាំក្នុងឆ្នាំ២០១៨ ដោយសារតែមានទស្សនវិស័យល្អជាងមុនសម្រាប់ការវិនិយោគ និងតម្រូវការប្រើប្រាស់ជាឯកជន។ នៅប្រទេសហ្វ៊ីលីពីន កំណើនសេដ្ឋកិច្ចក៏ទំនងជារក្សាបានលំនឹងដែរក្នុងឆ្នាំ២០១៨ នេះ។ នៅប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម កំណើនត្រូវបានរំពឹងទុកថានឹងថមថយថាមពលបន្តិចមកវិញ ដោយសារការវិនិយោគសាធារណៈនៅមានទំហំមធ្យមដដែលនៅក្នុងប្រទេសម៉ាឡេស៊ី ហើយនៅក្នុងប្រទេសវៀតណាមឯណោះវិញ ផលិតកម្មកសិកម្មក៏រក្សាលំនឹងនៅដដែលដែរ ក្រោយពីបានងើបឡើងនៅក្នុងឆ្នាំ២០១៧។
ដើម្បីដោះស្រាយជាមួយហានិភ័យចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវពិចារណារឹតត្បិតគោលនយោបាយរូបិយវត្ថុ ហើយពង្រឹងថែមទៀតនូវការប្រយ័ត្នប្រយែងផ្នែកបទបញ្ញត្តិម៉ាក្រូសេដ្ឋកិច្ច។ ប្រការនេះសំខាន់ជាពិសេសនៅក្នុងបណ្តាប្រទេសដែលបំណុលមានកម្រិតខ្ពស់ ឬកំណើនឥណទានខ្លាំងពេក ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុកាន់តែងាយមានភាពរងគ្រោះ នៅពេលដែលការប្រាក់ត្រូវបានដំឡើងនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន។
បង្កើនសមត្ថភាពប្រកួតប្រជែងក៏សំខាន់ដែរសម្រាប់បណ្តាប្រទេសក្នុងតំបន់ នៅពេលដែលពួកគេស្វះស្វែងសម្រួលខ្លួនទៅតាមការប្រែប្រួលក្នុងពេលបច្ចុប្បន្ននៅក្នុងផ្នែកផលិតកម្ម ក្រោមឥទ្ធិពលនៃការវិវត្តរបស់បច្ចេកវិទ្យា។ ទិដ្ឋភាពជាច្រើនរបស់បរិយាកាសផ្នែកធុរកិច្ចទំនងជានឹងកាន់តែមានសារៈសំខាន់ជាងតម្លៃពលកម្ម សម្រាប់ការកំណត់ជោគវាសនារបស់បណ្តាប្រទេសដែលផ្អែកលើវិស័យផលិតកម្ម។ ហើយដរាបណាបច្ចេកវិទ្យានៅតែបន្តវិវត្តទៅមុខ ចំណេះដឹងអំពីលេខ ការចេះអាននិងសរសេរ និងការស្គាល់បច្ចេកវិទ្យាឌីជីថល ជាធាតុសំខាន់ចាំបាច់ជាសារវន្តសម្រាប់កំណើនសេដ្ឋកិច្ច។
បង្កើនប្រសិទ្ធភាពរបស់សាលារៀនគឺជាអាទិភាពមួយនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ដែលមានសិស្សភាគច្រើនទៅសាលាមែន ប៉ុន្តែក៏មានច្រើននាក់ក្នុងចំណោមនោះដែលមិនរៀនសូត្រចេះដែរ។ ជំហានសំខាន់ដំបូងគេគឺរៀបចំស្ថាប័នឱ្យស៊ីចង្វាក់គ្នា ហើយបង្កើតប្រព័ន្ធរដ្ឋបាលមានសមត្ថភាពពេញលេញមួយ ដើម្បីធានាឱ្យមានលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការរៀនសូត្រចេះ។ បន្ថែមលើនេះ ប្រព័ន្ធអប់រំគួរតែផ្តោតលើ៖ ការធានាឱ្យមានសមធម៌ក្នុងការចាយវាយលើកការអប់រំកម្រិតបឋមសិក្សា ការត្រៀមលក្ខណៈសិស្សសម្រាប់ការរៀនសូត្រចាប់ផ្តើមពីកម្រិតមត្តេយ្យ បង្កើនការសម្រិតសម្រាំងក្នុងការជ្រើសរើសនិងបៀវត្សរ៍សម្រាប់អ្នកដែលចង់ក្លាយខ្លួនជាគ្រូបង្រៀនអាជីព និងប្រើប្រាស់ការវាយតម្លៃជាលក្ខណៈប្រព័ន្ធដើម្បីផ្តល់ព័ត៌មានបំពេញតម្រូវការនៃការរៀបចំកម្មវិធីបង្រៀន។
ដើម្បីធានាឱ្យបានថាពលរដ្ឋដែលខ្វះសន្តិសុខផ្នែកសេដ្ឋកិច្ចមិនត្រូវបានគេរំលងចោលឱ្យនៅខាងក្រោយទេ គន្លឹះសំខាន់គឺត្រូវពង្រឹងការគាំពារផ្នែកសង្គម និងកម្មវិធីធានារ៉ាប់រង និងបង្កើនភាពរឹងប៉ឹងស្វិតស្វាញរបស់ពលរដ្ឋចំពោះមុខសភាពការណ៍វិបត្តិសេដ្ឋកិច្ចនានា។ ភាពរឹងប៉ឹងស្វិតស្វាញផ្នែកសេដ្ឋកិច្ចមានសារៈសំខាន់ជាពិសេសសម្រាប់បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វ៊ិក ដែលអាចជួយឱ្យមានភាពរឹងមាំបានតាមរយៈការបង្កើនមូលនិធិអធិបតេយ្យបម្រុងរបស់រដ្ឋ និងការបង្កើនលទ្ធភាពទទួលបានសេវាអន្តោប្រវេសន៍បណ្តោះអាសន្ន៕
មតិយោបល់