ព័ត៌មានសេដ្ឋកិច្ច

រដ្ឋ ផ្ដល់ថវិកាប្រមាណ ១០លានដុល្លារ ជាធនធានបម្រុងនៅក្នុង «មូលនិធិគន្ធបុប្ផាកម្ពុជា»

ជាមួយនឹងការដាក់ឱ្យដំណើរការជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាស្ថាបនិក និងជាបរធនបាលទាយក បានសម្រេចដាក់ប្រាក់វិភាគទានដំបូង សរុបចំនួន ៤០.២៥ពាន់លានរៀល ស្នើនឹងប្រមាណ ១០លានដុល្លារអាមេរិក ជាធនធានបម្រុងទៅក្នុង មូលនិធិគន្ធបុប្ផាកម្ពុជានេះ។

​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលបាន បង្កើត«មូលនិធិគន្ធបុប្ផាកម្ពុជា»ក៏ដោយ ក៏មូលនិធិនេះ មិនជំនួសឱ្យ »មូលនិធិគន្ធបុប្ផា ប្រទេសស្វីស»នោះទេ។ មូលនិធិទាំងពីរ នឹងដំណើរការទន្ទឹមគ្នា ហើយកិច្ចសហការជាមួយ«មូលនិធិគន្ធបុប្ផាប្រទេសស្វីស» នៅតែមានសារៈសំខាន់ចំពោះកិច្ចដំណើរការនៃ មន្ទីរពេទ្យនេះទាំងមូល។

ក្នុងនាមជាប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោបានប្រកាសជាឱឡារិកថា ដរាបណាប្រទេសកម្ពុជាដ៏កំសត់នេះ នៅតែមានលទ្ធភាពរក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាបុព្វល័ក្ខខ័ណ្ឌមិនអាចខ្វះបាន សម្រាប់បន្តជំរុញអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ដរាបនោះ វិស័យសុខាភិបាល និយាយជារួម និងកិច្ចប្រតិបត្តិការប្រកបដោយគុណភាព នៃមន្ទីរពេទ្យគន្ធបុប្ផា និយាយដោយឡែក នឹងនៅតែបន្តទទួលបានការយកចិត្តទុកដាក់ ជាអាទិភាពខ្ពស់បំផុតមួយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

​បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង ក្នុងនោះ ៤ទីតាំង ស្ថិតនៅក្នុងរាជធានី ភ្នំពេញ និង១ទីតាំងទៀត ស្ថិតក្នុងខេត្តសៀមរាប។ កន្លងមក ចំណូលរបស់មន្ទីរពេទ្យគន្ធបុប្ផា បានពឹងផ្អែកខ្លាំងលើវិភាគទានសម្បុរសធម៌ពីប្រភពជាច្រើន ក៏ប៉ុន្តែ ចំណូលចម្បង មានប្រភពពីវិភាគទានសម្បុរស ដែលកៀងគរបានដោយ មូលនិធិគន្ធបុប្ផាប្រទេសស្វីស ហើយពឹងផ្អែក ជាសំខាន់លើការប្រឹងប្រែង របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការសិក្សា ជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ទៅលើទិដ្ឋភាពបច្ចេកទេសនៃការគ្រប់គ្រង និងទិដ្ឋិភាពហិរញ្ញវត្ថុរបស់មន្ទីរពេទ្យ ក្នុងគោលបំណងធានាឱ្យបាននូវចីរភាព នៃកិច្ចដំណើរការរបស់មន្ទីពេទ្យនេះ ដោយសម្រេចបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា»។

កាលពីឆ្នាំ ២០១៧ កន្លងទៅ ប្រទេសស្វីស បានសម្រេចផ្តល់ជំនួយ ១២លានដុល្លារអាមេរិក​ ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល ៣ឆ្នាំ។

ជាក់ស្តែង ស្វីស បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ តាំងពីឆ្នាំ ១៩៩៤ គឺប្រមាណ ៦០លានដុល្លារអាមេរិកមកទល់ពេលនេះ៕

 

មតិយោបល់