កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។
ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ ខណ:ដែលប្រទេសទាំងពីរមានធនធានច្រើន និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នា កាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្តន៍លក្ខខណ្ឌដែលបានចែង ប្រកបដោយស្មារតីយោគយល់ខ្ពស់។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជំរុញឲ្យភាគីបង់ក្លាដែស គោរពកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជា ចំនួន ១លានតោន សម្រាប់រយៈពេល ៥ឆ្នាំ (២០១៧-២០២២) ដែលបានចូលជាធរមានកាលពីឆ្នាំ ២០១៧ និងធ្វើការនាំចូលនូវផលិតផលកសិកម្មថែមទៀតពីកម្ពុជាដូចជា ដំឡូងមី ពោត និងម្រេច ជាដើម។
ជាការឆ្លើយតប ឯកឧត្តម តូហ្វែល អាមេត បានទទួលស្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅមានកម្រិត ដែលទាមទារឲ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែម និងការរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ សំដៅឈានទៅសម្រេចផែនការពាណិជ្ជកម្ម ដែលប្រទេសទាំងពីរបានកំណត់។
បើតាមកិច្ចប្រជុំ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងត្រូវរៀបចំឲ្យបានរួចរាល់នៅក្នុងខែឧសភា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ធ្វើការត្រួតពិនិត្យ មុនពេលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៧ ប្រទេសកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាលើអនុស្សារណៈចំនួន ៩ ដែលផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម ការអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ២០៣០ ការបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈ ការការពារកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងស្លាកស្នាមសង្គ្រាម ការវិនិយោគលើវិស័យជលផល និងវារីវប្បកម្ម កិច្ចសហការស្រាវជ្រាវរវាងវិទ្យាស្ថានសិក្សាអន្តរជាតិកម្ពុជា និងវិទ្យាស្ថានយុទ្ធសាស្រ្តសិក្សាបង់ក្លាដែស ព្រមទាំងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍វិនិយោគបង់ក្លាដែស៕
មតិយោបល់