ព័ត៌មានសេដ្ឋកិច្ច

សម្រាប់ឆ្នាំថ្មី ជិះឡានក្រុងក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ មេសា

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឡានក្រុងក្នុងរាជធានីភ្នំពេញទាំង ៥៧គ្រឿង នឹងដំណើរការជាធម្មតា ដោយមិនគិតថ្លៃ រយៈពេល ៥ថ្ងៃ ដល់អ្នកដំណើរគ្រប់រូប ពោលគឺ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែមេសា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

បងប្អូនប្រជាពលរដ្ឋ អាចជិះរថយន្តក្រុងកម្សាន្ត ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃនោះទេ នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ជាពិសេសបងប្អូន ដែលពុំបានទៅលេងស្រុកកំណើត ហើយនឹងអ្នកដែលមកលេងទីក្រុងវិញផងដែរ។

ខ្សែរថយន្តទាំង ៣ខ្សែ ប្រើប្រាស់រថយន្តសរុប ៥៧គ្រឿង ទទួលអ្នកដំណើរជាមធ្យមជាង ៦ពាន់នាក់ ក្នុងមួយថ្ងៃ តែយ៉ាងណាមិញ រថយន្ត ១៤គ្រឿង ត្រូវបានត្រៀមបម្រុងជំនួសឡានដែលខូច។

សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។

សេវាឡានក្រុងសាធារណៈ នឹងពង្រីកទៅដល់ខេត្តកំពង់ស្ពឺ គ្រោងនឹងដាក់ដំណើរការសាកល្បង នៅខែ ឧសភា ខាងមុខនេះ ដោយមានរថយន្តក្រុងចំនួន ២០គ្រឿង រត់នៅតាមបណ្តោយផ្លូវជាតិលេខ ៤។

គួររម្លឹកដែរថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៧ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕

មតិយោបល់