អចលន​ទ្រព្យ

ស្ថានីយបូមទឹកលូ ៥ នឹងស្ថាបនារួចរាល់ក្នុងរយៈពេល ៤ខែទៀត

គម្រោងស្ថានីយបូមទឹកលូ៥នេះ គ្រោងនឹងបញ្ចប់ការដ្ឋានរបស់ខ្លួននៅ ក្នុងរយៈពេល៤ខែទៀត។

​ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀត ក្នុងចំណោមស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា ឡើងដើម្បីបូមទឹក រំដោះការលិចលង់ជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានលើកឡើងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារស្ថាបនាស្ថានីយបូមទឹកលូ៥នេះ រុះរាន់ស្ថាបនាឱ្យបានលឿនទៅតាមគម្រោង ពោលគឺ ៤ខែទៀត ស្ថានីយបូមទឹកលូ៥ ត្រូវរួចរាល់ ដើម្បីបូមទឹករំដោះការលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទ្រា សាលាបឋមសិក្សាសឡា។

​សូមបញ្ជាក់ថា ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ ៥ ត្រូវបានបើកការដ្ឋាន ស្ថាបនាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបីចំណុច ប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

​ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពី តំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់ ១០២៨ហិកតា។

ស្ថានីយបូមទឹកលូ ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក ៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕

មតិយោបល់