ព័ត៌មានអន្តរជាតិ

សេតវិមានថា ការផ្លាស់ប្ដូររបស់កូរ៉េខាងជើង កំពុងដើរតាមទិសដៅដ៏ត្រឹមត្រូវ

អាមេរិកៈ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders កាលពីថ្ងៃពុធ បាននិយាយថា សកម្មភាពកូរ៉េខាងជើងពេលនេះ កំពុងផ្លាស់ប្ដូរតាមទិសដៅដ៏ត្រឹមត្រូវ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការបើកចិត្ត និងគួរឲ្យគោរព ខណៈរូបលោកសង្ឃឹមថា ក្រុងវ៉ាស៊ីនតោន អាចដោះស្រាយបញ្ហា ជាមួយក្រុងព្យុងយ៉ាង ដោយសេចក្ដីថ្លៃថ្នូរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Sanders នៅក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាសដោយផ្ទាល់ ចំពោះឆន្ទៈក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់របបខ្លួន។

ដោយលោកស្រី បានបន្ថែមថា ក្រុងព្យុងយ៉ាង កំពុងធ្វើការផ្លាស់ប្ដូរ ទៅតាមទិសដៅដ៏ត្រឹមត្រូវ ស្របពេលដែលលោក ត្រាំ ក៏មានបំណងចង់ចូលអង្គុយតុចរចា ដើម្បីដោះស្រាយបញ្ហា ជាមួយភាគីកូរ៉េខាងជើងផងដែរ។

យ៉ាងណាមិញលោកស្រី បានបញ្ជាក់សាជាថ្មីថា អាមេរិក នឹងមិនបោះបង់ចោលយុទ្ធនាការដាក់សម្ពាធអតិបរិមា ប្រឆាំងនឹងក្រុងព្យុងយ៉ាងឡើយ រហូតទាល់តែរដ្ឋាភិបាលខ្លួនប្រាកដថា ពាក្យសម្ដីដែលមេដឹកនាំកូរ៉េខាងជើង ពិតជាបានអនុវត្តជាក់ស្តែងមែន៕

មតិយោបល់