ព័ត៌មានសេដ្ឋកិច្ច

ត្រឹមតែ ១ខែទៀត អាចជិះរថភ្លើងពី ភ្នំពេញ ដល់ ប៉ោយប៉ែត បានហើយ

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវដែកទិសខាងជើង នឹងត្រូវដាក់អោយដំណើរការជាស្ថាពរ រវាងភ្នំពេញ-បាត់ដឹង-ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ។

ឥឡូវនេះបងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងទៅមក ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) (២២០គ.ម) ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ១ សីហា ២០១៨។

កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវ សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបង ទៅពោធិ៍សាត់ មានប្រវែង១០៧គ.ម។

កំណាត់ផ្លូវដែកពីបាត់ដំបង ទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយ៍ចំនួន ១៦ ដោយទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដែលចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិ។

គួររំលឹកផងដែរថា ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅពោធិ៍សាត់ មានប្រវែងសរុប ២២០គ.ម ចំណាយថវិកា ៨២,៣លានដុល្លារអាមេរិក ដោយមានស្ថានីយ៍ចំនួន ៣០។

ក្នុងនោះកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។

លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ៕

មតិយោបល់