ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា លើកទឹកចិត្តឲ្យ ចិន មានការហោះហើរ យន្តហោះពាណិជ្ជកម្មដោយត្រង់ពី គុយចូវ មក ភ្នំពេញ និង សៀមរាប

ភ្នំពេញ: លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Chen Minér លេខាបក្សកុម្មុយនីស្ត ចិន នៃខេត្តគុយចូវ ដឹកនាំគណៈប្រតិភូចូលមួយក្រុម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបនោះថា “ កិច្ចពិភាក្សានោះ ភាគីទាំងពីរ បានផ្តោតទៅលើវិស័យអាទិភាព មួយចំនួន ដូចជា វិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិស័យអប់រំ ”។

លោកបន្តថា ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ អាន ក៏បានជម្រាបអំពីតួនាទី និងការគ្រប់គ្រងរបស់លោក ដែលទទួលបន្ទុកផ្នែក អាជ្ញាធរអាកាសចរស៊ីវិលនៅកម្ពុជា និងផ្នែកអភិរក្សប្រាង្គប្រាសាទ បេតិកភណ្ឌពិភពលោក នៅអង្គវត្ត ព្រះវិហារ ក៏ដូចជាគ្រប់គ្រង ទៅលើអាជ្ញាធរអប្សរា ផងដែរ។

ទន្ទឹមគ្នានោះដែរ លោកបណ្ឌិតសភាចារ្យ បានស្នើឲ្យមានការជំរុញចំនួនភ្ញៀវទេសចរចិន ឲ្យមកកម្ពុជាបន្ថែមទៀត ខណៈឆ្នាំកន្លងទៅ ចំនួនទេសចរចិនមកកម្ពុជា បានប្រមាណតែជាង ៧០ម៉ឺននាក់ ក្នុង១ឆ្នាំ។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការជំរុញ ដល់អ្នកវិនិយោគចិន ឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ឲ្យបានកាន់តែច្រើន ព្រោះថា កម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សុវត្ថិភាពទាំងការងារ និងការរស់នៅ។

ដើម្បីលំហូរភ្ញៀវទេសចរណ៍ចិន មកកម្ពុជា កាន់តែច្រើន លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត ឲ្យមានការហោះហើរ យន្តហោះពាណិជ្ជកម្មដោយត្រង់ ពីខេត្តគុយចូវ ប្រទេសចិន មកកាន់រាជធានីភ្នំពេញ ក៏ដូចជាខេត្តសៀមរាប តែម្តង។ មួយវិញទៀត ដោយសារ កម្ពុជា មានសក្ដានុពលខ្ពស់ ផ្នែកវិស័យកសិកម្ម លោកបណ្ឌិត ក៏បានលើកទឹកចិត្ត ឲ្យមានកិច្ចសហប្រតិបត្តិការ រវាងខេត្តគុយចូវ ជាមួយខេត្តតាកែវ លើផលដំណាំស្រូវ។

ដោយឡែក សម្រាប់វិស័យអប់រំវិញ លោកបណ្ឌិតសភាចារ្យ ក៏បានជំរុញឲ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចសិក្សាបន្ថែមទៀត រវាងយុវជន ថ្នាក់ដឹកនាំកម្ពុជា និងយុវជន ក៏ដូចជាថ្នាក់ដឹកនាំ ខេត្តគុយចូវ។

ជាការឆ្លើយតបលោក Chen Minér បានមានប្រសាសន៍ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកការទូត អប់រំ ទេសចរណ៍ និងកសិកម្ម និងវិស័យជាច្រើនទៀត នាពេលកន្លងមក ហើយក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក លើកនេះ លោកនឹងចុះហត្ថលេខា សហប្រតិបត្តិការ ជាមួយខេត្តសៀមរាប ដែលជាខេត្តមានសក្ដានុពល ផ្នែកទេសចរណ៍។

សម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ភាគីចិន បានព្រមទទួល សិស្ស និស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សានៅ ខេត្តគុយចូវ ព្រោះខេត្តនេះ មានសក្ដានុពលផ្នែកអប់រំ និងវិស័យទេសចរណ៍ធម្មជាតិ ដែលក្នុង ១ឆ្នាំៗ ខេត្តនេះ បានស្រូបយកទេសចរណ៍ជាតិ អន្តរជាតិ រាប់លាននាក់ ទៅទស្សនាតំបន់ប្រជុំទឹកធ្លាក់ នៅទីនោះ។

សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត ដល់ភ្ញៀវទេសចរណ៍ចិន មកកម្ពុជា កាន់តែច្រើនឡើង រាជរដ្ឋាភិបាល ផ្តល់អាទិភាពដោយផ្តល់ វីសារ (VISA) ដល់ទេសចរណ៍ ចិន តែមួយ អាចចូលមកទស្សនាកម្ពុជា បាន ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ហើយក៏អាចហោះហើរដោយត្រង់ ពីខេត្តគុយចូវ មកកាន់កម្ពុជា ផងដែរ៕

មតិយោបល់