ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ឈានមុខគេក្នុងតំបន់

កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទឹកប្រាក់ជិត ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅព្រឹកមិញនេះ នៅក្នុងពិធីប្រារព្ធខួបលើកទី ១៥ឆ្នាំ នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា។

ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ ២០១៥ មានទឹកប្រាក់សរុបប្រមាណ ៨ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌកើនឡើងជិត ៦ពាន់លានដុល្លារអាមេរិក។

លោក ប៉ាន សូរស័ក្តិ បានបន្តថា ការផ្សារភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងបទដ្ឋានការងារ បានលើកស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ហើយប្រការនេះ បានបង្កើនទំនុកចិត្តរបស់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ នៃផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌពីកម្ពុជា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបផងដែរថា ក្រសួងពាណិជ្ជកម្ម ក៏ប្តេជ្ញានឹងគាំទ្រនូវស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរ កន្លងមករវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តគម្រោង «រោងចក្រកាន់តែប្រសើរនៅកម្ពុជា» ក្រោមចក្ខុវិស័យប្រែក្លាយកម្ពុជាឲ្យទៅជា មជ្ឈមណ្ឌលល្អប្រសើរជាងគេនៃ ឧស្សាហកម្មកាត់ដេរ នៅអាស៊ីអាគ្នេយ៍៕

14692167_1317821741564034_5871594676567606506_o 14102298_1271184989561043_649272792188615396_n

មតិយោបល់