ព័ត៌មានសេដ្ឋកិច្ច

Samsung ខាតបង់ ២៦ពាន់លានដុល្លារ ដោយសារបញ្ហា Galaxy Note 7

ក្រុមហ៊ុន Samsung បានខាតបង់ប្រាក់ ២៦ពាន់លានដុល្លារអាមេរិក នៃតម្លៃទីផ្សារ បន្ទាប់ពីចេញប្រកាសឲ្យហៅត្រលប់មកវិញនូវ ស្មាតហ្វូន Galaxy Note 7 ដែលមានបញ្ហាថ្ម បណ្តាឲ្យផ្ទុះ។ នេះបើយោងតាមទិន្នន័យពីអ្នកផ្តល់ទិន្នន័យហិរញ្ញវត្ថុ Factset ដកស្រង់ដោយគេហទំព័រ engadget កាលពីពេលថ្មីៗនេះ។

ទោះជាយ៉ាងណា Note 7 ចំនួន ២.៥លានគ្រឿងត្រូវបានដឹកចេញ មុនការប្រកាសហៅត្រលប់មកវិញ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ និងម្ចាស់ភាគហ៊ុនផងដែរ។ ការហៅត្រលប់នេះ ត្រូវបានប៉ាន់ស្មានថា នឹងអាចចំណាយអស់ ១ពាន់លានដុល្លារអាមេរិក ដែលនេះជាទិន្នន័យដ៏អាក្រក់បំផុត សម្រាប់ក្រុមហ៊ុន Samsung នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes នៅថ្ងៃទី ២២ ខែកញ្ញា។

ភាគហ៊ុនរបស់ទីផ្សារស្តុកនៅប្រទេសកូរ៉េ បានធ្លាក់ចុះ ៦.៩ភាគរយ មានតម្លៃប្រហែល ១,៣០០ដុល្លារអាមេរិកក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុតក្នុងខែនេះ។

ជាក់ស្តែង Samsung បានរំពឹងទុកថា នឹងលក់ទូរស័ព្ទបានច្រើនបំផុត នៅឆមាសទី ២ ឆ្នាំ ២០១៦នេះ ក្រោយពីការប្រកាសលក់ Note 7 តែយ៉ាងណាមិញ ក្រុមហ៊ុនបានប្រកាសហៅត្រលប់មកវិញ ដោយសារតែមានបញ្ហាថ្ម ធ្វើឲ្យទូរស័ព្ទ ក្តៅខ្លាំងនិងផ្ទុះ។

សម្រាប់សហរដ្ឋអាមេរិកវិញ Note 7 ចំនួន ៨លានគ្រឿង នឹងត្រូវបានហៅត្រលប់មកវិញ ដើម្បីផ្លាស់ប្តូរ ឬសងលុយវិញ ដែលបញ្ហានេះ ធ្វើឲ្យក្រុមហ៊ុន Samsung បាត់បង់ប្រាក់ចំនេញរហូតដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ឯទីផ្សារ iPhone 7 និង iPhone 7 Plus កំពុងលក់ដាច់បំផុត។

Samsung ទទួលបានគាំទ្រយ៉ាងខ្លាំង កាលពីឆ្នាំមុន ដោយសារ ស្មាតហ្វូន S7 និង S7 Edge ដែលទាក់ទាញវិនិយោគិនជាច្រើន ឲ្យទិញភាគហ៊ុន ប៉ុន្តែសម្រាប់ឆ្នាំ ២០១៦នេះ គឺវាមិនបានដំណើរការដូចការគ្រោងទុកនោះឡើយ៕

មតិយោបល់