មណ្ឌលគិរីៈ ករណីបាញ់បោះជាច្រើនគ្រាប់ យ៉ាងអនាធិបតេយ្យនៅស្រុកអូររាំង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ មកទល់នឹងពេលនេះ ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ដកហូតបានកាំភ្លើង រួចប្រគល់ជូនសមត្ថកិច្ច។
ប្រពភព័ត៌មានពីប្រជាពលរដ្ឋនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣និង៣៥នាទីរសៀលថ្ងៃទី២១ កញ្ញា ២០១៦ ពួកគាត់បានឃើញមនុស្សបីនាក់ ជិះរថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ២៧៥៥ បានបើកមកចំណុចខាងលើ មានបុរសជាជនសង្ស័យ ដែលស្គាល់ឈ្មោះថា អាក្របី បានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់តែម្តង ហើយគេចខ្លួនបាត់។
ក្រោយពេលបាញ់រះយ៉ាងសាហាវរួចមក ត្រូវបានកម្លាំងរាជអាវុធហត្ថស្រុកអូររាំង បានសហការជាមួយកម្លាំងអាវុធហត្ថក្រុងសែនមនោរម្យ តាមចាប់ខ្លួនជនសង្ស័យ ដែលមានរហស្សនាម “អាក្របី”។
លោកវរសេនីយ៍ត្រី សូ សំអាត បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុលោកបានទៅចូលរួមធ្វើបុណ្យនៅវត្តក្នុងស្រុកអូរាំង ស្ថិតនៅក្បែរស្នាក់ការកងរាជអាវុធហត្ថរបស់លោក។ ក្រោយបន្ទាប់ពីធ្វើបុណ្យចប់រូបលោកក៏បានអញ្ចើញក្រុមការងារមកហូបបាយសាម្គីនៅកន្លែងស្នាក់ការ ក្នុងនោះក៏មានឈ្មោះក្របីដែរ។នៅពេលហូបបាយក៏មានការផឹកស៊ីបន្តិចបន្តួច ពេលនោះលោកក្របីសុំទៅផ្ទះមុន លោកថា បើទៅក៏ទៅចុះ។ ហើយនៅពេលនោះក្រុមលោកក្របីជិះរថយន្តបានប្រហែលជា២០០ម៉ែត្របានបាញ់រះតែម្តង ដោយមិនដឹងថា មានរឿងអី នៅពេលឃើញដូចនេះ លោកបានបញ្ជាកម្លាំងតាមចាប់ជននេះរហូតចូលដល់ផ្ទះលោក ហ៊ុន ជា ដែលស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ តែឈ្មោះក្របីបានរត់គេចខ្លួនបាត់ ជួបតែស្រ្តីម្នាក់ឈ្មោះ ចាន់ គីម ហ៊ាង ត្រូវជាប្រពន្ធ ហើយកម្លាំងរបស់លោកធ្វើការឆែកឆេដកហូតរបានអាវុធAK47ស្វាយបត់១ដើម បង់១ មាន២គ្រាប់។
បន្ទាប់ដកហូតបាន អាវុធខាងលើ ត្រូវបានយកមករក្សាទុកនៅស្នាក់ការអាវុធហត្ថស្រុកអូររាំង ដើម្បីធ្វើរៀបចំឯកសារជូនថ្នាក់លើ។
សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជនសង្សយ័ឈ្មោះ (ក្របី) នោះ គឺជាកូនចៅជំនិតរបស់លោក ហ៊ុន ជា ដែលសព្វថ្ងៃគាត់រស់នៅខេត្តមណ្ឌលគិរី។ ប៉ុន្តែប្រជាលរដ្ឋនៅស្រុកអូររាំង និងក្រុងសែនមនោរម្យសង្ឃឹមថា សមត្ថកិច្ចនិងចាត់ការរឿងនេះ ដើម្បីស្វែងរកជនបង្កមកផ្ដន្ទាទោសឲ្យខានតែបាន៕
មតិយោបល់