ព័ត៌មានសេដ្ឋកិច្ច

ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកោះកុង នឹងទទួលអ្នកដំណើរបាន ១០លាននាក់ក្នុងមួយឆ្នាំ

ភ្នំពេញ: ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកោះកុង ដែលមានសមត្ថភាពទទួលអ្នកដំណើរបាន ១០លាននាក់ក្នុងមួយឆ្នាំ ទទួលបានការអនុម័តពីរដ្ឋាភិបាលកម្ពុជាហើយ ដែលនឹងត្រូវបានវិនិយោគដោយ ក្រុមហ៊ុនចិន Tainjin Union Development Group។

ក្រុមហ៊ុនអភិវឌ្ឍន៍ចិននេះ បានឲ្យដឹងថា ការធ្វើផែនការរបស់គម្រោងនេះ គឺបានបញ្ចប់ជាស្ថាពរហើយ នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមសាងសង់ តែមិនទាន់អាចបញ្ជាក់ច្បាស់ពីទុនវិនិយោគ និងកាលបរិច្ឆេទនៃគម្រោងនេះនៅឡើយទេ។

យ៉ាងណាមិញ ក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងនៃព្រលានយន្តហោះនេះ រួចរាល់ផងដែរ ហើយព្រលានយន្តហោះនេះ នឹងអាចទទួលអ្នកដំណើរបាន ១០លាននាក់ក្នុងមួយឆ្នាំ ព្រមទាំងទទួលសេវាយន្តហោះខ្នាតធំទៀតផង។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Tainjin Union Development Group គ្រោងបោះទុនវិនិយោគជាង ៣៨០០លានដុល្លារអាមេរិក លើដីសម្បទានវិនិយោគទំហំ ៤៥ពាន់ហិកតា ដែលគ្របដណ្តប់លើទឹកដីស្រុកបទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។

គួរជម្រាបផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលគ្រោងនឹងសាងសង់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសលុបចោល ដោយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅនេះ៕

248450_973132812735216_4897304264619059567_n

មតិយោបល់