ធនាគារអភិវឌ្ឍន៍ជនបទ នឹងធ្វើការផ្តល់ឥណទានជូនទៅ បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលកំពុងធ្វើការប្រមូលទិញស្រូវ ក្នុងអត្រាការប្រាក់ ៧ភាគរយក្នុងមួយឆ្នាំ ស្មើនឹង ០,៥៨៣% ក្នុងមួយខែ ដោយយកស្តុកស្រូវធ្វើជាវត្ថុធានាបំណុល នឹងមានលក្ខខណ្ឌមួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
សម្រាប់រោងម៉ាស៊ីនស្រូវ ដែលកំពុងធ្វើការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដោយមិនមានការើសអើង និងមានលក្ខខណ្ឌប្រមូលទិញស្រូវ ក្នុងតម្លៃ ៨៤០រៀលក្នុងមួយគីឡូក្រាមនៅនឹងស្រែ និងតម្លៃ ៩០០រៀលក្នុងមួយគីឡូក្រាមនៅឃ្លាំង នឹងទទួលបានអត្រាការប្រាក់ ៧ភាគរយក្នុងមួយឆ្នាំ ដោយអាចយកស្តុកស្រូវធ្វើជាវត្ថុធានាបំណុល។
ធនាគារអភិវឌ្ឍន៍ជនបទ បានបន្ថយអត្រាការប្រាក់នេះ ក្រោយពីទទួលបានមូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ២៧លានដុល្លារអាមេរិក ដែលក្នុងនោះចំនួន ៧លានដុល្លារអាមេរិកជាមូលនិធិផ្ទាល់ របស់ធនាគារអភិវឌ្ឍន៍ជនបទ ហើយការបន្ថយអត្រាការប្រាក់នេះ គឺក្នុងគោលដៅរក្សាស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជម្រុញការទិញស្រូវក្នុងប្រទេស។
គួរជម្រាបផងដែរថា ធនាគារអភិវឌ្ឍន៍ជនបទ ក៏សូមអំពាវនាវដល់គ្រប់រោងម៉ាស៊ីនស្រូវទាំងអស់ ដែលមានគុណវុឌ្ឍិដូចជា មានឡសម្ងួតស្រូវ ឃ្លាំងស្តុកស្រូវត្រឹមត្រូវ ហើយមានបំណងស្នើសុំឥណទាន សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៧៧ ៧៥៩ ១៥៩/ ០៧៧ ៨០ ៨៦ ៩៤៕


មតិយោបល់