រដ្ឋាភិបាលប្រទេសហុងគ្រី បានសន្យាផ្តល់ឥណទាន ២៧លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការជម្រុញពាណិជ្ជកម្ម និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ធ្វើឡើងកាលពីម្សិលមិញនេះ។
លោក ប្រាក់ សុខុន បានបន្តថា ការឯកភាពគ្នាបង្កើតមន្ទីរពាណិជ្ជកម្មហុងគ្រី-កម្ពុជា កាលពីខែ មករា កន្លងទៅនេះ ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងទេសចរណ៍ផងដែរ។
បច្ចុប្បន្ន ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ នៅមានកម្រិត ដែលភាគីហុងគ្រី និងកម្ពុជា បាននិងកំពុងពិភាក្សាគ្នា ក្នុងការស្វែងរកផ្នែកផ្សេងៗទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ជាចុងក្រោយ ភាគីហុងគ្រី បានបញ្ជាក់ថា នឹងបញ្ជូនប្រមុខទីប្រឹក្សារបស់រដ្ឋមន្រ្តីការបរទេស មកកាន់កម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាជាមួយកម្ពុជា លើលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍៕
មតិយោបល់