ព័ត៌មានសេដ្ឋកិច្ច

ADB៖ កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៧.១ភាគរយ ក្នុងឆ្នាំ ២០១៧

កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៧.១ភាគរយ ក្នុងឆ្នាំ ២០១៧ ខណៈការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៦ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ទៅតាមការរំពឹងទុក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបញ្ចេញនៅថ្ងៃនេះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។

បន្ទាប់ពីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងខែកក្កដា ការព្យាករណ៍សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែបន្តមានភាពរឹងមាំ ដោយការនាំចេញពីឧស្សាហកម្មសំលៀកបំពាក់ និងស្បែកជើងមានការកើនឡើងចំនួន ៩.៤ភាគរយ ក្នុងឆមាសទី ១ នៅឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។

លោក Tukuafu បានបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគសំខាន់ៗនៅក្នុងផលិតកម្ម កសិកម្ម ការដឹកជញ្ជូន និងភស្តុភារ ការអប់រំ នឹងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

យ៉ាងណាមិញ ការនាំចេញទំនិញ បានកើនឡើងក្នុងកម្រិតប៉ាន់ប្រមាណចំនួន ១២.៣ភាគរយ បើគិតជាដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែដំបូង ដែលអត្រានេះលឿនជាងអត្រា ៩.៤ភាគរយ កាលពីឆមាសទី ១ ឆ្នាំ ២០១៥។

រីឯកំណើននៃការនាំចូលទំនិញ បានធ្លាក់ចុះពី ១៧ភាគរយ មកត្រឹម ៧.៣ភាគរយ ហើយការប្រែប្រួលបន្តិចបន្តួចក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ ២០១៥ ត្រូវបានគេរំពឹងថា នឹងមានភាពរួមតូចក្នុងឆ្នាំ ២០១៧ ដែលជាហេតុនាំឲ្យរក្សាបាននូវជំហរខាងក្រៅមួយក៏ល្អសម្រាប់ប្រទេសកម្ពុជា៕

4345c492775e65b2615b8a8ec256cd9c

មតិយោបល់