ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់២ រួមនិងប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវដេញចាប់ខ្លួនបាន វាយម្នាក់មួយដៃមួយជើងហូរឈាមពេញច្រមុះនិងមាត់ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីប្រជាពលរដ្ឋតែមិនបានសម្រេច ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ២០នាទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២បានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅម្តុំចំការដូង ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-2174 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើ ជិះម៉ូតូតែម្នាក់ឯង លុះបានមកដល់ចំណុចផ្សារស្ទឹងមានជ័យ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវតែមិនបានសម្រេចជ្រុះទៅលើដងផ្លូវ ឃើញដូចនោះ យុវជនម្នាក់ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវដែលបានឃើញហេតុការណ៍ផ្ទាល់ បាននាំគ្នាបើកម៉ូតូដេញតាមពីក្រោយម៉ូតូជនសង្ស័យ ធ្វើឲ្យជនសង្ស័យ ក៏បើកម៉ូតូគេចខ្លួនទៅបុកជាមួយនឹងម៉ូតូនិងរថយន្តរបស់ប្រជាពលរដ្ឋផ្សេងទៀត រហូតចូលមកដល់ភូមិសាស្ត្រខណ្ឌទួលគោក ក៏ត្រូវបានប្រជាពលរដ្ឋរួមនិងកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់២ ដឹកនាំដោយលោកនាយប៉ុស្តិ៍ផ្ទាល់ កំពុងល្បាតក្នុងភូមិសាស្ត្រ បានឃើញក៏ស្ទាក់ចាប់ឃាត់ខ្លួនបានតែម្តង ។ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋទប់កំហឹងមិនបាន ក៏វាយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃុំខ្លួនបណ្តោះអាស្នន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕














https://youtu.be/_Fm5fDLnKtc
មតិយោបល់