កម្ពុជា កំពុងតែពិចារណាលើការបង្កើត សភាពាណិជ្ជកម្មកម្ពុជា ជាកិត្តិយសនៅបរទេស ដើម្បីជម្រុញ និងធ្វើពិពិធកម្មការនាំចេញផលិតផលខ្មែរ និងសម្របសម្រួលគម្រោងវិនិយោគផ្សេង។ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីកាលពីថ្ងៃទី ២៩ ខែកញ្ញា ម្សិលមិញនេះ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មនៅបរទេស បន្ថែមទៀតថា វត្តមាននៃសភាពាណិជ្ជកម្មនៅបរទេស នឹងរួមចំណែកលើកស្ទួយវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ ដោយស្ថាប័នថ្មីនេះ នឹងជម្រុញការនាំចេញផលិតផលខ្មែរ និងសម្របសម្រួលគម្រោងវិនិយោគផ្សេងៗ។
ក្រសួងពាណិជ្ជកម្ម នឹងធ្វើវិសោធនកម្មលើមាត្រា និងបទបញ្ជាផ្ទៃក្នុងមួយចំនួននៃ ច្បាប់ស្តីពីការបង្កើតសភាពាណិជ្ជកម្មរបស់កម្ពូជា ដើម្បីពង្រីកវិសាលភាព និងផ្តល់អំណាចមួយចំនួន ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ និងសមាជិក ដើម្បីធានាបំពេញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ការពិភាក្សាយ៉ាងផុសផុលនៅក្នុងអង្គប្រជុំនេះ គឺជួយពន្លឿនដំណើរការបង្កើតស្ថាប័នថ្មីនេះ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យបានឆាប់រហ័ស និងស្របតាមច្បាប់ ក្នុងគោលបំណងជម្រុញ និងលើកកម្ពស់ការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា៕



មតិយោបល់